Sunday, October 26, 2014

ម៉ូទ័រ AC មួយផាស

ភាគច្រើនយើង​ប្រទះ​ឃើញ​មានម៉ូទ័រ​ប្រភេទ AC ចំនួនពីរ​ប្រភេទ​ធំៗគឺ Synchronous និង Induction។ ដោយ​ឡែក​ វាត្រូវ​បាន​ចែកចេញជា​ មួយ​ផាស និង បីផាស ដែលភាគច្រើន​ប្រភេទ បីផាស ត្រូវ​បាន​ប្រើប្រាស់​នៅតាម​រោង​ចក្រ​ ឬ​កន្លែង​ពាណិជ្ជកម្ម​ធំៗ ចំណែកឯ​ប្រភេទ មួយផាស ត្រូវបាន​ប្រើប្រាស់​នៅ​តាម​គេហដ្ឋាន ឬក៏​ពាណិជ្ជកម្មតូចៗ ដែល​មិនមាន​ប្រ​ភព​អគ្គិសនីបីផាស។
ម៉ូទ័រ​មួយផាស​ ខុសពី បីផាស ត្រង់​វាមិនអាច​បង្កើត​ដែន​ម៉ាញេទិច​រង្វិលបានទេ គឺដែន​របស់វា​មានឥទ្ធិពល​តែមួយ​កន្លែង​ ដែលមាន​ pulse ធៀបជា​មួយ​នឹង​ពេល​វេលា។ ដោយ​ហេតុថា​ វាមិនមាន​ដែនម៉ាញេទិច​រង្វិល​ ដូចនេះ​ម៉ូទ័រ​មិន​អាច​ដំណើរ​ការ​បាន​ទេ លុះត្រា​មាន​ការ​បន្ថែម​អ្វី​មួយ​ទៅលើម៉ូទ័រ។
នៅក្នុង​អត្ថបទនេះ យើង​ក៏និយាយ​អំពី​ម៉ូទ័រ​មួយចំនួន​ ដែល​គេ​ហៅថា Special-purpose Motor ដូចជា Reluctance motor, Hysteresis motor, Stepper motor ហើយនិង Brushless motor។

Universal Motor

ដើម្បី​អោយ​ងាយ​ស្រួល​យល់អំពី​ម៉ូទ័រ AC មួយផាស យើង​អាច​យក​ម៉ូទ័រ​ DC មក​ដំណើរការ​ជាមួយ​នឹង​ប្រភព​ចរន្ត​ឆ្លាស់។ យើង​អាច​រំលឹក​បន្តិចអំពី ម៉ូទ័រ​ប្រភេទ DC គឺវាអាច​ដំណើរការ​ដោយ យើង​ធ្វើការ​ផ្លាស់​ប្តូរ​ប៉ូល​របស់​ប្រភព។ ចំពោះ​ការ​អនុវត្តគឺគេ​ប្រើប្រាស់​ Brush ដើម្បី​ផ្គត់ផ្គង​ចរន្ត​ទៅកាន់ rotor។ ចំពោះម៉ូទ័រ​ប្រភេទ DC ដែល​អាច​យក​មក​ប្រើ​ប្រាស់​ជាមួយ​ប្រភព​ចរន្ត​ឆ្លាស់បាន មានតែម៉ូទ័រ Series DC ទេ ព្រោះចរន្តនៅផ្នែក Armature និង Field ត្រូវ​ផ្លាស់​ប្តូរ​ក្នុងពេល​តែមួយ។ សម្រាប់​ម៉ូទ័រ Shunt DC វិញ វាមាន​ដែន​អាំងឌុចតង់​ធំ ដែល​អាច​មាន​ឥទិ្ធពល​ ពន្យាការ​ប្តូរ​ប៉ូល​របស់​ចរន្ត​ Field ដែលអាច​កាត់​បន្ថយ​កម្លាំងរង្វិល​របស់​ម៉ូទ័រ។
ដើម្បីអោយម៉ូទ័រ Series DC អាច​ដំណើរការ​យ៉ាង​មាន​ប្រសិទ្ធិភាព​ជាមួយ​នឹង​ប្រភព AC ប៉ូលរបស់ Field ហើយនិង​របុំ​របស់ Stator ត្រូវ​តែ​សំប៉ែត បើមិនដូចនោះទេ វានឹង​បណ្តាល​អោយ​មាន​ថាមពល​បាត់​បង់​នៅលើ​ core ច្រើន ដូចនេះ​គេត្រូវ​ធ្វើ​វា​ជារាង​សំប៉ែត។
សរុប​សេចក្តីមក ម៉ូទ័រដែល​អាច​ដំណើរការ​បានទាំងប្រភព​ចរន្ត​ជាប់ និងឆ្លាស់ គេហៅថា Universal Motor។
ផលប៉ះពាល់របស់​ម៉ូទ័រ​ដែល​ដំណើរការ​ជាមួយ​នឹង​ប្រភព​ចរន្តឆ្លាស់គឺ ការ​ផ្លាស់​ប្តូរ​មាន​លក្ខណៈ​មិន​ល្អ បើប្រៀប​ជាមួយនឹង​ប្រភពចរន្ត​ជាប់។ នៅផ្នែក Brush មាន​ផ្កាភ្លើង​ ដែល​បណ្តាល​ពីតង់ស្យុង​ដែល​មាន​នៅ​ក្នុង core ដូចនេះ​វា​ធ្វើអោយ Brush ឆាប់ខូច និង​វាក៏បណ្តាល​អោយ​មាន​ការ​ភាយ​ចេញនៃរលក​វិទ្យុ ដែលអាច​រំខានដល់​បរិស្ថាន ឬឧបករណ៍​ដែលនៅ​ជុំវិញ។
ចរិកលក្ខណៈនៃ​ល្បឿន​ធៀបជាមួយនឹង​កម្លាំង​រង្វិល​ របស់ Universal Motor ខុសគ្នា​រវាង​ប្រភព​ ចរន្ត​ជាប់ និង ចរន្តឆ្លាស់៖
  • របុំ armature និង​ field មាន reactance ធំ នៅពេល​ដំណើរការជាមួយ​ប្រេកង់ 50 ទៅ 60 Hz ដែលធ្វើអោយ​មាន​ទម្លាក់​តង់ស្យុងនៅចន្លោះវា ដូចនេះតង់ស្យុង Ea គឺតូច និងធ្វើអោយ​ល្បឿនរបស់វាយឺតជាង បើធៀបនឹងម៉ូទ័រ​ដំណើរការ​ជាមួយ​ប្រភព​ចរន្ត​ជាប់។
  • តង់ស្យុង​ខ្ពស់បំផុត​របស់​ប្រភព​ចរន្ត​ឆ្លាស់គឺ​ ស្មើនឹង​ ឬសនៃ 2 គុណនឹងតម្លៃ rms របស់​តង់ស្យុង ដូចនេះ​ Magnetic Saturation អាច​នឹង​កើត​មាន​នៅពេល​ចរន្ត​កើន​ដល់​តម្លៃ Peak (តម្លៃ​ខ្ពស់បំផុត​របស់​ចរន្ត​ នៅក្នុង​មួយខួប)។ វាបណ្តាលអោយ​ ភ្លុច RMS របស់ម៉ូទ័រ​ថយចុះ ដែល​នាំអោយ​កម្លាំងរង្វិល​ថយចុះដែរ។
នៅក្នុង​ករណីទីពីរ នៅពេល​ដែល​ ភ្លុចថយចុះ នាំអោយ​ល្បឿន​កើនឡើង ដូចនេះ​វា​អាច​ទូទាត់​ជាមួយនឹង​ ការថយចុះនៃ​ល្បឿនដែល​បណ្តាល​មកពី​ករណី​ទីមួយ។

មុខងារ​ប្រើប្រាស់​របស់ Universal Motor

ដោយសារ​យើង​ឃើញថា Universal Motor ចរិកលក្ខណៈរបស់​វា​គឺ​ថយចុះ​យ៉ាងខ្លាំង បើប្រៀប​នឹង​ម៉ូទ័រ DC series ដូចនេះវាមិនសាកសម​នឹង​ប្រើប្រាស់​ជាមួយ​បន្ទុក ដែល​ទាមទារ​ល្បឿន​ថេរទេ។ ក៏ប៉ុន្តែវាមានលក្ខណៈ​ហាប់ (រូបរាង) និងកម្លាំង​រង្វិល​ខ្លាំង​ បើធៀបជាមួយនឹងម៉ូទ័រ​ចរន្តឆ្លាស់ មួយផាស ដទៃទៀត។ ដូចនេះ​គេនិយមប្រើវា​ជាមួយនឹង​ឧបករណ៍​ ដែល​ត្រូវ​ការ​ទម្ងន់ស្រាល​ និង​កម្លាំងរង្វិលខ្លាំង ដូចជា ម៉ាស៊ីន​ផ្លំធូលី ម៉ាស៊ីនខួង ស្វាន និងឧបករណ៍​សម្រាប់​ផ្ទះបាយ។

ការគ្រប់គ្រងល្បឿន​សម្រាប់ Universal Motor

វិធីដែល​ល្អបំផុត​សម្រាប់​គ្រប់គ្រង​ល្បឿន​របស់ម៉ូទ័រគឺ ផ្លាស់​ប្តូរ​តង់ស្យុង​ផ្គត់ផ្គង។ កាលណា​តង់ស្យុង​កាន់តែ​ខ្ពស់ ធ្វើអោយ​ល្បឿន​កាន់តែលឿន។ ក្នុងការ​ប្រើប្រាស់​ជាក់ស្តែង គេប្រើប្រាស់ Solid-state Speed Control Circuit។

Sunday, September 7, 2014

ការភ្ជាប់ម៉ូទ័រជា Star ឬ Delta ពេលចាប់ផ្តើមដំបូង

ជាទូទៅ ម៉ូទ័រ​នៅពេល​ចាប់ផ្តើម​ដំបូង អាចត្រូវការ​ចរន្តលើសពីបួនដង នៃចរន្ត​នៅ​ពេល​​ដំណើរ​
ការ​ធម្មតា។​ ដោយសារ​ចរន្ត​ដ៏ខ្ពស់នេះ អាច​បណ្តាល​អោយ​មាន​បញ្ហា​ចំពោះ​ម៉ូទ័រ​ នៅពេល​ដំណើរការ ធ្វើអោយ​ឧបករណ៍ការពារ​ដំណើរការ ប៉ះពាល់ដល់​អានុភាពដែល​ផ្គត់ផ្គង និង​អាចឆេះរបុំ​ Stator បាន។ ដូចនេះ​យើងត្រូវ​រកដំណោះស្រាយ​ ធ្វើយ៉ាងណាអោយ​ចរន្ត​នៅពេល​ចាប់​ផ្តើម​ដំបូង​មានតម្លៃទាប។ចំពោះវិធីសាស្ត្រ​ដែល​គេយកមក​ដោះស្រាយ គឺ នៅពេលចាប់ផ្តើមដំបូង គេត្រូវភ្ជាប់​សៀគ្វីជារាង Star និង នៅពេលដំណើរការ Stable គេប្តូរវាទៅជា Delta វិញ
នេះគឺជារូបភាពបង្ហាញពីផ្ជាប់ Star និង Delta
ចំពោះការប្តូរពី Star ទៅ Delta និងពី Delta ទៅ Star វិញអាចធ្វើទៅ​បាន​ ដោយសារ​ការប្រើ Relay Contactor។ យើងបាន​ឃើញហើយ​ថា​ ការភ្ជាប់ជា Star នៅពេល​ដំណើរការ​ដំបូង វាមាន​គុណសម្បត្តិក្នុង​ការ​បញ្ចុះតម្លៃរបស់ចរន្ត មិនធ្វើអោយ​របុំក្នុង​ម៉ូទ័រឆេះ និងជួយដល់​ការចំណាយ​តិច ព្រោះយើង​មិនចាំបាច់​ត្រូវការ​ឧបករណ៍ការពារ​ដែល​ត្រូវ​នឹង​ចរន្ត​ធំទេ​​ ក៏ដូចជា​ខ្សែ​ដែល​ភ្ជាប់​ពី​ទូរភ្លើង​មក​ម៉ូទ័រផងដែរ។ យ៉ាងណាម៉ិញ វា​ក៏មាន​គុណវិបត្តិដែរ ព្រោះ​ម៉ូទ័រនឹង​មិនអាចផ្តល់​អានុភាព​ពេញលេញ​ដល់​បន្ទុកដូចការភ្ជាប់ជា Delta ទេ។
វិធីសាស្ត្រភ្ជាប់ម៉ូទ័រ អោយដំណើរការជា Star ឬ Delta
នៅក្នុងរូបភាពខាងលើ យើងឃើញថា នៅពេលដំណើរការដំបូង កុងតាក់ D1 និង D3 ត្រូវបាន​ភ្ជាប់ នោះវានឹងដើរតួរជា Star លុះដល់ពេល​ដំណើរការដល់ដំណាក់ការ Stable គេធ្វើការផ្តាច់​កុងតាក់ D3 និងភ្ជាប់កុងតាក់ D2 វិញ នោះវានឹងដើរតួរជា Delta ម្តង។
ការភ្ជាប់ជា Star
ការភ្ជាប់ជា Delta

Friday, August 15, 2014

ម៉ូទ័រចរន្តឆ្លាស់ ប្រភេទ Induction

Induction motor ឬ ម៉ូទ័រចរន្តឆ្លាស់ប្រភេទ Induction គឺជាម៉ូទ័រអគ្គិសនីមួយប្រភេទ ដែលអាច​បង្កើត​ឡើង​ដោយមិនត្រូវការ​ប្រភពចរន្តជាប់ សម្រាប់ផ្គត់​ផ្គងទៅរបុំរបស់​ Rotor ដូចទៅ​នឹង​ម៉ូទ័រចរន្ត​ឆ្លាស់​ប្រភេទ Synchronous ទេ។
ចំពោះ​ម៉ូទ័រ​ចរន្ត​ឆ្លាស់​ប្រភេទនេះ ប្រើប្រាស់ Rotor ពីរប្រភេទគឺ៖
  1. Rotor ប្រភេទ Cage: វាជា Rotor ដែលមាន​របារដែល​អាចចម្លង តម្រៀប​ជាជួរ និងភ្ជាប់​ចុងសង​ខាង​ជាមួយគ្នា ដោយ Shorting rings។
  2. Rotor ប្រភេទ Wound: វារុំដោយរបុំ​បីផាស ដូចគ្នាទៅនឹងរបុំរបស់​ Stator ដែរ ដែល​របុំ​នោះ ជាធម្មតា​តជា​ផ្កាយ (Y-connection) និងចុងរបស់​របុំ Rotor ទាំងបី​ត្រូវបាន​ភ្ជាប់ទៅនឹង Slip Ring នៅលើដងរបស់ Rotor។ 
Induction Motor ក៏អាច​ត្រូវបាន​ប្រើ​ប្រាស់​ជាម៉ាស៊ីនភ្លើង (generator) ផងដែរ ប៉ុន្តែដោយវា​មាន​គុណវិបត្តិ​ខ្លះៗ ដូចនេះគេប្រើវា​ជា Generator សម្រាប់​តែករណី​ខ្លះ​តែប៉ុណ្ណោះ ក្រៅ​ពីនេះ​គេ​ប្រើ​វា​ជាម៉ូទ័រ​អគ្គិសនី។
សំគាល់៖ Induction motor ហើយនិង Synchronous motor ខុសគ្នាត្រង់ Synchronous motor ត្រូវការ​ប្រភពចរន្ត​ជាប់ (DC voltage) សម្រាប់​ផ្គត់​ផ្គង់​ទៅកាន់​ Rotor ខណៈដែល Induction motor មិនត្រូវ​ការ​​ប្រភពចរន្តជាប់​ សម្រាប់​ផ្គត់ផ្គង់​ទៅកាន់ Rotor ទេ។

Wednesday, August 13, 2014

ការជ្រើសរើសម៉ូទ័រអគ្គិសនី

ម៉ូទ័រអគ្គិសនី AC និង DC មានទ្រង់ទ្រាយ និងទំហំខុសៗគ្នាជាច្រើន ដែលខ្លះជាប្រភេទស្តង់ដារ ត្រូវបានប្រើប្រាស់ជាទូទៅ ចំណែកខ្លះទៀតត្រូវបានប្រើប្រាស់សម្រាប់ការងារ​ជាក់​លាក់​ណា​មួយ។ បើទោះក្នុងករណីណា​ក៏ដោយ ការជ្រើស​រើស​ម៉ូទ័រអគ្គិសនី គួរតែត្រូវនឹងតម្រូវ​ការ​ម៉ាស៊ីនដែល​ប្រើ​ប្រាស់​ជាមួយវា ដោយមិនអោយ​សីតុណ្ហភាពរបស់​ម៉ូទ័រ លើសពីតម្រិត​អតិបរមាដែល​បានកំណត់​នៅលើ​ម៉ូទ័រ​​ឡើយ។
ខាងក្រោម​នេះ គឺជាចំណុចសំខាន់​ខ្លះៗរបស់​ម៉ូទ័រអគ្គិសនី រួមទាំង​ប៉ារ៉ាមែត្រ​របស់​បន្ទុក សម្រាប់​ជំនួយ​ដល់​ការ​សម្រេចចិត្តជ្រើសរើស៖
  • Mechanical Power Rating កំណត់ដោយ Horsepower (hp) ឬក៏ Watts (W) ដែល 1 hp = 746 W។ ប៉ារ៉ាមែត្រ​សំខាន់​ពីរ ដែលប្រើប្រាស់ដើម្បីស្វែក Mechanical Power Output គឺ កម្លាំងរង្វិល (torque) និងល្បឿន​រង្វិល (speed)។
  • Current (ចរន្ត)
    • Full-load amperes គឺជាបរិមាណលំហូរនៃចរន្តគិតជា អំពែ ដែលម៉ូទ័រទាមទារ​ក្នុងករណី full-load (torque) និងជាទូទៅត្រូវបាន​ហៅថា nameplate amperes។
    • Locked rotor current គឺជាបរិមាណលំហូរនៃចរន្តគិតជា អំពែ ដែលម៉ូទ័រទាមទារ​ក្នុងករណីចាប់ផ្តើមម៉ូទ័រដំបូង (start-up) និងជាទូទៅត្រូវបាន​ហៅថា starting inrush current។
    • Service factor amperes គឺជាបរិមាណលំហូរនៃចរន្តគិតជា អំពែ ដែលម៉ូទ័រទាមទារ​ក្នុងករណី overload (torque)។ ឧទាហរណ៍៖ នៅលើ nameplate របស់ម៉ូទ័រសរសេរ​ថា service factor 1.15 មានន័យថា​ ម៉ូទ័រ​មានលទ្ធភាពក្នុងការដំណើរការ 115% នៃការដំណើរ​ការ​ធម្មតា​របស់ម៉ូទ័រ ដោយមិន​មាន​ការ​ខូចខាត​ទៅលើ​ម៉ូទ័រ។
  • Code Letter ដែលត្រូវបានប្រើប្រាស់ដើម្បីគណនារក Locked rotor current គិតជា Ampere ដោយយើងផ្អែកទៅលើ Code letter ដែលបង្ហាញ​ថា ក្នុង 1 hp មានប៉ុន្មាន kVA។ បន្ទាប់ពីយើង​បាន​ដឹងអំពី Locked rotor current ហើយ យើងអាចស្វែងរកតម្លៃរបស់ឧបករណ៍​ការពារ​សម្រាប់​ម៉ូទ័រ​បាន ដោយយកលើស​ពីតម្លៃរបស់ Locked rotor current។ ហើយ Code letter មានចាប់​ពី​អក្សរ​ A ទៅដល់ V ដោយរៀបពីតម្លៃរបស់ Locked rotor current ពីតូចទៅ​ធំ។
  • Design Letter គឺជាប្រើសម្រាប់​កំណត់​ទៅលើ​ម៉ូទ័រប្រភេទ AC ជាលក្ខណៈ​ស្តង់ដារ ដែលមាន​អក្សរ​ដូចជា​ A, B, C ហើយនិង D ដែល​អក្សរ​និមួយៗ​តំណាង​អោយ​បន្ទុកខុសៗគ្នា (ប្រភេទរបស់បន្ទុក ដែលត្រូវ​បាន​យក​មក​ផ្ជាប់​ជាមួយ​ម៉ូទ័រ)។ មួយវិញទៀត Design Letter ប្រើ​សម្រាប់​សម្គាល់​ចរិកលក្ខណៈ​របស់​ម៉ូទ័រ​ ដែលមាន​ កម្លាំង​រង្វិល តម្លៃចរន្ត​ពេល​ចាប់​ផ្តើមដំបូង​ ហើយនិង ភាពខុសគ្នា​នៃ​ល្បឿន​របស់ rotor ទៅនឹង​ល្បឿនរបស់​ដែន​ម៉ាញេទិច ដែល​ហៅថា slip (មានតែចំពោះ​ម៉ូទ័រ​ប្រភេទ Induction)។ ចំពោះ Design Letter ដែល​គេ​ជ្រើស​រើស​យក​មក Design ជាទូទៅ​គឺអក្សរ B ព្រោះវាមាន​កម្លាំងរង្វិលពេល​ចាប់ផ្តើមដំបូង​ខ្លាំង ដោយត្រូវការ​​ចរន្ត​ល្មម។  ចំពោះប្រភេទដទៃទៀត​ ជាទូទៅ​គេប្រើប្រាស់​នៅក្នុង​ការងារ​ដែល​ចាំបាច់ជាក់លាក់​ណាមួយ។
  • Efficiency គឺជាផលធៀបរវាងតម្លៃអានុភាពមេកានិច ដែល​ផលិតដោយ​ម៉ូទ័រ ទៅនឹង​តម្លៃអានុភាព​អគ្គិសនី ដែលត្រូវការ​ដោយ​ម៉ូទ័រ និងគិតជាភាគរយ។​ មានន័យថា វាត្រូវការ​តម្លៃអានុភាពអគ្គិសនី (តង់ស្យុង និងចរន្ត) ​ដើម្បីផលិត​អានុភាពមេកានិចមកវិញ (កម្លាំង និងល្បឿនរង្វិលរបស់​ម៉ូទ័រ) បាន​ប៉ុន្មានភាគរយ។ ចំពោះ​អានុភាព​ដែល​បាត់បង់​ អាច​ក្លាយទៅជា​កំដៅ។ ចំពោះអានុភាព ដែល​បាត់​បង់​អាច​ទាក់​ទង​ទៅនឹង​កត្តា​ខាងក្រោម​ដូចជា៖
    • Core loss ដែលបាត់​បង់​ដោយសារ​ដែនម៉ាញេទិច និង​ស្នូលដែក
    • Stator និង rotor resistance losses បាត់បង់ដោយសារ​ចរន្ត​ឆ្លងកាត់​រេស៊ីស្តង់​របស់​ stator និង rotor បង្កើត​បាន​ជាកំដៅ ហើយកំដៅនោះក៏អាចមាន​ឥទ្ធិពលមិនល្អ​ ចំពោះម៉ូទ័រផង​ដែរ។
    • Mechanical Losses បាត់បងដោយ​សារ​ការ​កកិត និងកង្ហារ ដែល​ភ្ជាប់​ជាមួយនឹង​ដងរង្វិល បកខ្យល់នៅក្នុងម៉ូទ័រកុំអោយ​ក្តៅ។
    • Stray Losses បាត់បង​ដោយ​សារ​ថាមពលអាមូនិច ដែល​បង្កើតឡើងនៅពេល​ម៉ូទ័រ​ដំណើរការ​មិនទាន់ពេញ​បន្ទុក។
  •  Energy-Efficient Motors កំណត់ពី 75 ទៅ 98 ភាគរយ ចំពោះម៉ូទ័រដែលមាន Energy-Efficiency ខ្ពស់ វា​ស៊ីអានុភាពតិច ដោយសារ​គេផលិតវា​ពី លោហៈធាតុ​ដែល​មាន​គុណភាពខ្ពស់ និងបច្ចេកទេសខ្ពស់។
  • Frame Size ជាទំហំ​របស់ម៉ូទ័រ ជាទូទៅកាលណា Frame Size កាន់តែធំ Horsepower ក៏កាន់តែធំ ចំនែកល្បឿនកាន់តែយឺត។ ចំពោះម៉ូទ័រដែលមាន Frame Size ស្មើ 56 ដងរង្វិលរបស់វា កំពស់ 3.5 អ៊ីង។
  • Frequency: ជា frequency របស់ប្រភពផ្គត់ផ្គង។ ជាទូរទៅគឺ 50 ឬ 60 Hz ទៅតាមតំបន់​ផ្សេងៗគ្នា។ ចំពោះម៉ូទ័រ 50Hz ត្រូវប្រើជាមួយភ្លើងអគ្គិសនី 50Hz ប្រសិនបើយើងយកវាទៅប្រើ​ជាមួយនឹងភ្លើងអគ្គិសនី 60Hz ល្បឿនរបស់វានឹង​កើនឡើង​ប្រមាណ 20% តែ​អាយុកាលរបស់​វា​អាច​នឹង​ថយ​ចុះ។
  • Full-load Speed បង្ហាញអំពីល្បឿន​ ដែលម៉ូទ័រអាច​ដំណើរការ​បាន​ នៅពេល​មានបន្ទុកពេញ។ ឧទាហរណ៍ ម៉ូទ័រ​ 60 Hz មាន Full-load Speed ស្មើនឹង 1,725 rpm។
  • Load Requirements: ចំពោះបន្ទុក ដែលអាច​ប្រើប្រាស់​ជាមួយនឹង​ម៉ូទ័រ​ ត្រូវ​បាន​ចែកចេញជា 4 ប្រភេទ មានដូចជា៖
    • Constant-torque Loads មានកម្លាំងរង្វិលថេរ បើទោះជា​នៅល្បឿនណាក៏ដោយ
    • Variable-torque Loads នៅពេលល្បឿនយឺត កម្លាំងរង្វិលខ្សោយ នៅពេលល្បឿន​ចាប់​ផ្តើម​កើនឡើង កម្លាំងរង្វិលក៏​ចាប់ផ្តើមកើនឡើងដែរ។
    • Constant-horsepower Loads មានន័យថា Horsepower ថេរ គឺនៅពេលល្បឿនយឺត កម្លាំងរង្វិល​ខ្លាំង នៅពេល​ល្បឿនលឿន កម្លាំងរង្វិល​ខ្សោយវិញ។
    • High-inertia loads ជាប្រភេទបន្ទុក​ ដែល​នៅពេល​ចាប់ផ្តើម​ដំបូង ទាមទារ​កម្លាំង​រង្វិល​ខ្លាំង តែនៅពេល​ដំណើរការ​វាត្រូវ​ការ​កម្លាំងរង្វិល​តែ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។
  •  Motor Temperature Ratings: អ៊ីសូឡង់របស់​ម៉ូទ័រ​ ការពារ​រាល់​ផ្នែក​ដែល​មាន​អគ្គិសនី​ឆ្លងកាត់​ទាំងអស់​មិនអោយ​មានទំនាក់​ទំនង​គ្នា​ ដើម្បី​ជៀសវាង​ Short Circuit ដែលអាច​បណ្តាល​អោយ​ម៉ូទ័រឆេះ និងខូច។ អ្វីដែល​ធ្វើអោយ​អ៊ីសូឡង់របស់​ម៉ូទ័រ​មានបញ្ហាគឺ កម្តៅ ព្រោះអាច​ធ្វើអោយ​ខូច​អ៊ីសូឡង់។ ហេតុដូចនេះយើង​ត្រូវ​ជ្រើស​រើស​ម៉ូទ័រ​ដែល​មាន​កម្រិត​សីតុណ្ហភាព​សម​រម្យ​ដែល​អាច​យកមក​ប្រើ​ការ​បាន។ សីតុណ្ហភាព​ទាំងអស់រួមមាន៖
    • Ambient Temperature ជាសីតុណ្ហភាព​អតិបរមា ដែលនៅក្នុងបន្ទប់ ឬជុំវិញម៉ូទ័រ។
    • Temperature Rise ជាសីតុណ្ហភាពនៃរបុំខាងក្នុង​របស់​ម៉ូទ័រ រវាង​ពេល​មិន​ដំណើរការ​ និងពេល​ដំណើរការ​ពេញ​បន្ទុក។
    • Hot-spot Allowance សីតុណ្ហភាពលើស​ ដែលអាច​ទទួលយក​បាន​ មុនពេលម៉ូទ័រ​មាន​បញ្ហា។
    • Insulation Class ជាទូទៅអ៊ីសូឡង់របស់​ម៉ូទ័រ​ត្រូវ​បា​នកំណត់ដោយ​អក្សរតំណាង។
  •  Duty Cycle គឺជារយៈពេលដែល​ម៉ូទ័រ​នឹង​ដំណើរការ​ក្នុងខណៈពេល​ពេញបន្ទុក។ គេចែក​ Duty cycle ជាពីរគឺ continuous duty (ដំណើរការជាប់ ដោយមិនខូច ឬបន្ថយអាយុកាលទេ) និង intermittent duty (ដំណើរការ​ដល់​ពេលណាមួយ ត្រូវឈប់​ដើម្បីអោយ​ម៉ូទ័រ​ចុះត្រជាក់​ មុននឹង​ចាប់​ផ្តើមដំណើរការ​ម្តងទៀត)។
  • Torque និយាយអំពីកម្លាំង​រង្វិល​របស់​ម៉ូទ័រ​ ដោយវាមាន​ដូចជា៖
    • Locked-rotor torque កម្លាំងរង្វិល​អតិបរមានៅពេលចាប់ផ្តើមម៉ូទ័រដំបូង
    • Pull-up torque កម្លាំងរង្វិលទាប​បំផុត​របស់ម៉ូទ័រ នៅចន្លោះ​ពេល​ចាប់​ផ្តើមដំបូង រហូតដល់ល្បឿនដំណើរការ​របស់ម៉ូទ័រ។
    • Breakdown torque ជាកម្លាំងរង្វិលអតិបរមា ដែល​ម៉ូទ័រ​អាចដំណើរការ​បានដោយមិនគាំង ដែលជាទូទៅ​មានតម្លៃ 2 ទៅ 3 ដង​នៃ​កម្លាំងរង្វិល​នៅពេលពេញបន្ទុក។
    • Full-load torque ជាកម្លាំងរង្វិល ដែល​ផ្តល់​ដោយ​ម៉ូទ័រ​ នៅពេល​ពេញបន្ទុក។
  • Motor Enclosure ជាសំបករបស់ម៉ូទ័រ ដែលការពារពី​មជ្ឈដ្ឋានខាងក្រៅ នៅពេល​ម៉ូទ័រ​ដំណើរការ។ យើងត្រូវ​ជ្រើសរើស enclosure អោយត្រូវនឹង​ការងារ​របស់យើង បើពុំនោះទេ វាអាចប៉ះពាល់​ដល់​ដំណើរការ​ និងអាយុកាល​របស់​ម៉ូទ័របាន។ ជាទូទៅ​ enclosure គេចែកចេញជាពីរ​គឺ Open (មានចន្លោះអោយ​ខ្យល់ចេញចូល ពីខាងក្នុង​និង​ខាងក្រៅម៉ូទ័រ) និង Closed (បិទជិតមិនអោយ​មាន​ខ្យល់ចេញចូល)។

ការថែទាំ និងរកចំនុចបញ្ហានៃម៉ូទ័រ

ការថែទាំម៉ូទ័រ

 

ជាទូទៅ ម៉ូទ័រអគ្គិសនី ជាប្រភេទម៉ាស៊ីនដែលដំណើរការ​ល្អបំផុត និងទាមទារ​តំហែទាំ​តិចតួច​ប៉ុណ្ណោះ។ ក៏ប៉ុន្តែប្រសិន​បើម៉ូទ័រ​អគ្គិសនីនោះ ត្រូវបាន​ប្រើប្រាស់​អស់រយៈពេល​ជាយូរមកហើយ​ វា​នៅតែ​ទាម​ទារ​អោយ​មាន​ការ​ថែទាំជា​ប្រចាំ​ផង​ដែរ។

ការត្រួតពិនិត្យជាប្រចាំ​ទៅលើ​ម៉ូទ័រ

ដើម្បីកុំអោយ​មាន​បញ្ហា​កើត​ឡើង​ទៅលើ​ម៉ូទ័រ យើងត្រូវធ្វើការ​កំណត់​ពេល​ ដើម្បី​ពិនិត្យ និង​ជួសជុល​ម៉ូទ័រ។ យើងអាច​រក្សាទុក​នូវ​កំណត់ហេតុ​ រាល់ពេល​ធ្វើការ​ពិនិត្យ​ និងជួស​ជុល​ទៅលើ​ម៉ូទ័រ ដែល​រយៈពេល​ដែល​ត្រូវ​ពិនិត្យ និង​ជួសជុល​ទៅលើម៉ូទ័រ​ ខុសៗគ្នាទៅតាមការងារ​ ដែល​ម៉ូទ័រនោះត្រូវបាន​យកទៅប្រើប្រាស់។ ចំពោះការ​ពិនិត្យទៅលើ​ម៉ូទ័រមានដូចជា តម្រង់ដងរង្វិល​អោយបាន​ត្រង់ ដាក់​ម៉ូទ័រ​នៅ​ទីតាំង​របស់​វា​អោយជាប់​ល្អ និងពិនិត្យ​លើខ្សែពាន ជាដើម។

ពិនិត្យលើ Brush និង Commutator

ចំពោះម៉ូទ័រប្រភេទ DC យើងត្រូវធ្វើការពិនិត្យទៅលើ

ធ្វើតេស្ត៍ទៅលើអ៊ីសូឡង់របស់របុំម៉ូទ័រ

យ៉ាងហោចណាស់ យើងត្រូវធ្វើការសាកល្បងចំពោះរេស៊ីស្តង់ របស់របុំខ្សែចម្លង និងរវាង​របុំ​ខ្សែ​ចម្លង​ទៅដីជារៀងរាល់​កន្លះឆ្នាំម្តង ដើម្បី​ស្វែងរក​នូវបញ្ហាចំពោះអ៊ីសូឡង់។ ចំពោះ​ម៉ូទ័រ​ ដែល​បាន​ចូលទឹក យើងចាំបាច់​ត្រូវ​សម្អាត​ និងធ្វើអោយ​វា​ស្ងួត​មុន​នឹង​យក​មកប្រើ​ប្រាស់។
ខាងក្រោម​នេះ គឺជា​តម្លៃ​របស់​រេស៊ីស្តង់​អ៊ីសូឡង់​ទាបបំផុត​ ធៀប​ជាមួយ​តង់ស្យុង​របស់​មូទ័រ៖
  • 600 V ឬទាបជាងនេះ ត្រូវការ​រេស៊ីស្តង់ 1.5 M
  • 2,300 V ត្រូវការ​រេស៊ីស្តង់ 3.5 M
  • 4,000 V ត្រូវការ​រេស៊ីស្តង់ 5 M

សម្អាតម៉ូទ័រអោយ​ស្អាត

យើងចាំបាច់ត្រូវធ្វើការ​បោសជូត ដុសខាត់ និងប្រើប្រដាប់បាញ់​ខ្យល់ ផ្លុំសម្អាត​ធូលី ដែលមាននៅ​លើ​ម៉ូទ័រ កម្របម៉ូទ័រ ហើយនិង​កន្លែងដែលខ្យល់ចេញ​ចូល​របស់​ម៉ូទ័រ ព្រោះថាធូលីដែល​មាន​នៅលើ​កម្របម៉ូទ័រ​អាចធ្វើអោយ​ម៉ូទ័រ​កាន់តែក្តៅ និងធ្វើអោយ​ស្ទះខ្យល់​ចេញចូល​របស់​ម៉ូទ័រ កាត់បន្ថយភាពត្រជាក់ ដែលជាហេតុធ្វើអោយ​ម៉ូទ័រ​ដំណើរកាន់តែក្តៅ។ យើង​ដឹង​ហើយ​ថា កម្តៅ​ជាមូល​ហេតុ​ចម្បងដែល​ធ្វើអោយ​ខូចស្រទាប់​អ៊ីសូឡង់ និងធ្វើអោយ​ម៉ូទ័រ​ឆេះ​នៅពេល​ដំណើរ​ការ។

ធ្វើអោយម៉ូទ័រ​ស្ងួតជានិច្ច

ចំពោះ​ប្រភេទម៉ូទ័រ​ដែល​ដំណើរការ​មិនឈប់មិនឈរ ជាធម្មតាមិនមាន​បញ្ហា​ជាមួយនឹងសំណើម​ដែល​នឹងកើត​មាន​នៅក្នុងម៉ូទ័រ​ទេ។ ប៉ុន្តែម៉ូទ័រ​ដែល​ប្រើប្រាស់ម្តងម្កាល អាចមានបញ្ហាច្រើនជាមួយ​នឹង​សំណើម ដូចនេះ​យើង​ត្រូវ​ដំណើរការ​ម៉ូទ័រនោះ យ៉ាងហោចណាស់ ២ ទៅ ៣ ម៉ោង​ក្នុង​មួយសប្តាហ៍ ដើម្បីបំបាត់​សំណើមដែល​មាននៅក្នុងម៉ូទ័រ។

ដាក់ប្រេងរំអិលអោយម៉ូទ័រ

ចំពោះការដាក់ប្រេងម៉ូទ័រ​ អាស្រ័យ​ទៅលើ​ការកំណត់ពីរោងចក្រ​ដែល​ផលិតម៉ូទ័រ​។ យើងត្រូវ​ដាក់​ប្រេង​រំអិល​ដែល​មាន​គុណភាពខ្ពស់ ដោយប្រុងប្រយ័ត្ន ដើម្បីកុំអោយមានការ​លាយ​ឡំជាមួយនឹង ធូលី ក៏ដូចជាទឹក។

ត្រួតពិនិត្យទៅលើ​ កម្តៅ សម្លេង និងរំញ័ររបស់ម៉ូទ័រ

ចំពោះសម្បកម៉ូទ័រដែលឡើង​កម្តៅខ្លាំង មានរំញ័រ និងសម្លេងខុសប្លែកពីធម្មតា អាច​បញ្ជាក់ថា ម៉ូទ័រកំពុង​មាន​បញ្ហា។ យើងត្រូវ​ធ្វើការ​ពិនិត្យអោយ​បាន​ទាន់ពេល និង​បំបាត់នូវ​ប្រភព​ដែល​នាំអោយ​មាន​ កម្តៅ សម្លេងថ្លង់ និងរំញ័រ ទៅលើម៉ូទ័រ។

ចរន្តនៅពេល​ចាប់ផ្តើមម៉ូទ័រដំបូងខ្ពស់ពេកជាបញ្ហាចម្បង ធ្វើអោយម៉ូទ័រមានបញ្ហា

លំហូរចរន្តដែលខ្ពស់​ឆ្លងកាត់ម៉ូទ័រ​ពេលកំពុងចាប់ផ្តើម​ដំបូង អាច​បង្កើត​អោយ​មាន​កម្តៅក្តៅខ្លាំងដល់ម៉ូទ័រ។ សម្រាប់ម៉ូទ័រកម្លាំង 200 hp ឬទាបជាងនេះ អាចទ្រាំទ្រ​រយៈពេលយូរ​បំផុត​ ដែល​ម៉ូទ័រ​អាច​បង្កើន​ល្បឿនពេលចាប់ផ្តើមដំបូង​ ដោយផ្ជាប់ជាមួយនឹងបន្ទុកធ្ងន់ គឺ 20 វិនាទី។ ដូចនេះ ម៉ូទ័រអគ្គិសនី មិនគួរ​ប្រើប្រាស់អោយលើសពី 150 វិនាទីនៃពេលចាប់ផ្តើមដំបូង ក្នុងរយៈពេល​មួយថ្ងៃឡើយ។

ការស្វែងរកបញ្ហារបស់ម៉ូទ័រ

ចំពោះបញ្ហាជាទូទៅដែល​កើតមានទៅលើ​ម៉ូទ័រ គឺបណ្តាល​មកពី​បញ្ហាមេកានិច និងបញ្ហាដែល​កើត​ចេញពីសៀគ្វីអគ្គិសនីរបស់ម៉ូទ័រ។ ចំពោះការ​ធ្វើតេស្ត៍​ទៅលើ​ម៉ូទ័រ​អគ្គិសនី ដោយមិនគិត​ពីគ្រោះថ្នាក់ និងធ្វេសប្រហែស អាច​បណ្តាញអោយ​មាន​គ្រោះថ្នាក់ដល់​យើង​បាន។ ដូចនេះ​ដើម្បីជៀស​វាង​គ្រោះ​ថា្នក់​ នៅពេល​ជួសជុល​ម៉ូទ័រ​យើង​ត្រូវ៖
  • ផ្តាច់ប្រភពអានុភាព ពីម៉ូទ័រ ហើយយើងត្រូវ​ដាក់​សញ្ញា ឬក៏​ចាប់​សោរ​នៅកន្លែង​ដែល​អាច​ ភ្ជាប់អានុភាពទៅកាន់ម៉ូទ័រអោយ​បាន​ភ្លាមៗ មុននឹង​បន្តទៅ​ពិនិត្យ​ និង​ជួសជុល​ម៉ូទ័រ។
  • ធ្វើការផ្ទេរអានុភាពចេញពីកុងដង់ទាំងអស់​ដែល​មាន​នៅក្នុង​ម៉ូទ័រ​ មុននឹង​ចាប់ផ្តើមការងារ។
  • មិនត្រូវអោយសម្លៀកបំពាក់ ឬក៏ដៃជើង របស់យើង​ នៅជិត​កន្លែង​ដែល​ម៉ូទ័រ​វិលនោះទេ។
  • បើអាច ត្រូវមានអ្នកចាំមើលសុវត្ថិភាព​នៅក្បែរនោះ មុននឹងចាប់ផ្តើម​ម៉ូទ័រឡើង​វិញ។
ចំពោះការប៉ះផ្ទាល់ នៅពេលកំពុងមានថាមពលអគ្គិសនី នៅក្នុងម៉ូទ័រ អាចមានគ្រោះថា្នក់​ខ្ពស់បំផុត ដូចនេះយើងមិនត្រូវ​ធ្វើការ​លើឧបករណ៍ដែល​កំពុងភ្ជាប់​ថាមពលអគ្គិសនី លុះត្រាតែវាចាំបាច់​ត្រូវ​ធ្វើការពិនិត្យ កែតម្រូវ ប្រើប្រាស់ និងជួសជុល។ នៅពេលដែល​យើង​ត្រូវ​ធ្វើការ នៅលើ​ឧបករណ៍ដែល​មាន​ថាមពលអគ្គិសនី ចាំបាច់ត្រូវពាក់​សម្លៀកបំពាក់ ក៏ដូចជា​ឧបករណ៍​ការពារ​អោយ​បាន​ត្រឹមត្រូវ ហើយមិនត្រូវ​ធ្វើការ​តែ​ម្នាក់​ឯងទេ ត្រូវមាន​អ្នកធ្វើការជាមួយ ក្នុងការករណីដែល​អាចមានគ្រោះថ្នាក់។
ឧបករណ៍ជាទូទៅ ដែលត្រូវបានប្រើប្រាស់ស្វែងរកបញ្ហារបស់ម៉ូទ័រ មានដូចជា Multimeter, Clamp-on ammeter (ប្រដាប់​វាស់​ចរន្ត), megohmmeter (ប្រដាប់​វាស់​រេស៊ីស្តង់), និង infrared thermometer (ប្រដាប់វាស់កម្តៅ) ដែលឧបករណ៍ទាំងអស់នេះ អាច​ប្រើប្រាស់​ដើម្បីធ្វើការ​វាស់​នូវ​ តង់ស្យុង ចរន្ត កម្តៅ និងរេស៊ីស្តង់​របស់​អ៊ីសូឡង់។
ចំពោះបង្គំម៉ូទ័រជាទូទៅមាន កន្លែងផ្គត់ផ្គងថាមពល កន្លែងបញ្ជា ម៉ូទ័រ និងបន្ទុក។ នៅពេលដែល​ម៉ូទ័រ​មានបញ្ហា យើងចាំបាច់ត្រូវ​ស្វែករកថាផ្នែក​ណាមួយ នៃបង្គំនេះ ដែល​បង្កអោយ​មាន​បញ្ហា។ កន្លែងផ្គត់ផ្គងថាមពល និងកន្លែងបញ្ជា អាចមានបញ្ហា ដូចម៉ូទ័រដែរ។ បន្ទុក​មេកានិចអាចកើនឡើង នៅពេល​ដែល​បន្ទុក​ដែល​ភ្ជាប់ទៅកាន់​ម៉ូទ័រ​កើនឡើង ឬគ្រាប់ប៉ាដាង និងកន្លែងតំណមានបញ្ហា។ ចំពោះការលើសបន្ទុកមេកានិច គឺជាបញ្ហាចម្បង ដែលបណ្តាល​អោយម៉ូទ័រ​មាន​បញ្ហា។