ម៉ូទ័រអគ្គិសនី AC និង DC មានទ្រង់ទ្រាយ និងទំហំខុសៗគ្នាជាច្រើន ដែលខ្លះជាប្រភេទស្តង់ដារ ត្រូវបានប្រើប្រាស់ជាទូទៅ ចំណែកខ្លះទៀតត្រូវបានប្រើប្រាស់សម្រាប់ការងារជាក់លាក់ណាមួយ។ បើទោះក្នុងករណីណាក៏ដោយ ការជ្រើសរើសម៉ូទ័រអគ្គិសនី គួរតែត្រូវនឹងតម្រូវការម៉ាស៊ីនដែលប្រើប្រាស់ជាមួយវា ដោយមិនអោយសីតុណ្ហភាពរបស់ម៉ូទ័រ លើសពីតម្រិតអតិបរមាដែលបានកំណត់នៅលើម៉ូទ័រឡើយ។
ខាងក្រោមនេះ គឺជាចំណុចសំខាន់ខ្លះៗរបស់ម៉ូទ័រអគ្គិសនី រួមទាំងប៉ារ៉ាមែត្ររបស់បន្ទុក សម្រាប់ជំនួយដល់ការសម្រេចចិត្តជ្រើសរើស៖
ខាងក្រោមនេះ គឺជាចំណុចសំខាន់ខ្លះៗរបស់ម៉ូទ័រអគ្គិសនី រួមទាំងប៉ារ៉ាមែត្ររបស់បន្ទុក សម្រាប់ជំនួយដល់ការសម្រេចចិត្តជ្រើសរើស៖
- Mechanical Power Rating កំណត់ដោយ Horsepower (hp) ឬក៏ Watts (W) ដែល 1 hp = 746 W។ ប៉ារ៉ាមែត្រសំខាន់ពីរ ដែលប្រើប្រាស់ដើម្បីស្វែក Mechanical Power Output គឺ កម្លាំងរង្វិល (torque) និងល្បឿនរង្វិល (speed)។
- Current (ចរន្ត)
- Full-load amperes គឺជាបរិមាណលំហូរនៃចរន្តគិតជា អំពែ ដែលម៉ូទ័រទាមទារក្នុងករណី full-load (torque) និងជាទូទៅត្រូវបានហៅថា nameplate amperes។
- Locked rotor current គឺជាបរិមាណលំហូរនៃចរន្តគិតជា អំពែ ដែលម៉ូទ័រទាមទារក្នុងករណីចាប់ផ្តើមម៉ូទ័រដំបូង (start-up) និងជាទូទៅត្រូវបានហៅថា starting inrush current។
- Service factor amperes គឺជាបរិមាណលំហូរនៃចរន្តគិតជា អំពែ ដែលម៉ូទ័រទាមទារក្នុងករណី overload (torque)។ ឧទាហរណ៍៖ នៅលើ nameplate របស់ម៉ូទ័រសរសេរថា service factor 1.15 មានន័យថា ម៉ូទ័រមានលទ្ធភាពក្នុងការដំណើរការ 115% នៃការដំណើរការធម្មតារបស់ម៉ូទ័រ ដោយមិនមានការខូចខាតទៅលើម៉ូទ័រ។
- Code Letter ដែលត្រូវបានប្រើប្រាស់ដើម្បីគណនារក Locked rotor current គិតជា Ampere ដោយយើងផ្អែកទៅលើ Code letter ដែលបង្ហាញថា ក្នុង 1 hp មានប៉ុន្មាន kVA។ បន្ទាប់ពីយើងបានដឹងអំពី Locked rotor current ហើយ យើងអាចស្វែងរកតម្លៃរបស់ឧបករណ៍ការពារសម្រាប់ម៉ូទ័របាន ដោយយកលើសពីតម្លៃរបស់ Locked rotor current។ ហើយ Code letter មានចាប់ពីអក្សរ A ទៅដល់ V ដោយរៀបពីតម្លៃរបស់ Locked rotor current ពីតូចទៅធំ។
- Design Letter គឺជាប្រើសម្រាប់កំណត់ទៅលើម៉ូទ័រប្រភេទ AC ជាលក្ខណៈស្តង់ដារ ដែលមានអក្សរដូចជា A, B, C ហើយនិង D ដែលអក្សរនិមួយៗតំណាងអោយបន្ទុកខុសៗគ្នា (ប្រភេទរបស់បន្ទុក ដែលត្រូវបានយកមកផ្ជាប់ជាមួយម៉ូទ័រ)។ មួយវិញទៀត Design Letter ប្រើសម្រាប់សម្គាល់ចរិកលក្ខណៈរបស់ម៉ូទ័រ ដែលមាន កម្លាំងរង្វិល តម្លៃចរន្តពេលចាប់ផ្តើមដំបូង ហើយនិង ភាពខុសគ្នានៃល្បឿនរបស់ rotor ទៅនឹងល្បឿនរបស់ដែនម៉ាញេទិច ដែលហៅថា slip (មានតែចំពោះម៉ូទ័រប្រភេទ Induction)។ ចំពោះ Design Letter ដែលគេជ្រើសរើសយកមក Design ជាទូទៅគឺអក្សរ B ព្រោះវាមានកម្លាំងរង្វិលពេលចាប់ផ្តើមដំបូងខ្លាំង ដោយត្រូវការចរន្តល្មម។ ចំពោះប្រភេទដទៃទៀត ជាទូទៅគេប្រើប្រាស់នៅក្នុងការងារដែលចាំបាច់ជាក់លាក់ណាមួយ។
- Efficiency គឺជាផលធៀបរវាងតម្លៃអានុភាពមេកានិច ដែលផលិតដោយម៉ូទ័រ ទៅនឹងតម្លៃអានុភាពអគ្គិសនី ដែលត្រូវការដោយម៉ូទ័រ និងគិតជាភាគរយ។ មានន័យថា វាត្រូវការតម្លៃអានុភាពអគ្គិសនី (តង់ស្យុង និងចរន្ត) ដើម្បីផលិតអានុភាពមេកានិចមកវិញ (កម្លាំង និងល្បឿនរង្វិលរបស់ម៉ូទ័រ) បានប៉ុន្មានភាគរយ។ ចំពោះអានុភាពដែលបាត់បង់ អាចក្លាយទៅជាកំដៅ។ ចំពោះអានុភាព ដែលបាត់បង់អាចទាក់ទងទៅនឹងកត្តាខាងក្រោមដូចជា៖
- Core loss ដែលបាត់បង់ដោយសារដែនម៉ាញេទិច និងស្នូលដែក
- Stator និង rotor resistance losses បាត់បង់ដោយសារចរន្តឆ្លងកាត់រេស៊ីស្តង់របស់ stator និង rotor បង្កើតបានជាកំដៅ ហើយកំដៅនោះក៏អាចមានឥទ្ធិពលមិនល្អ ចំពោះម៉ូទ័រផងដែរ។
- Mechanical Losses បាត់បងដោយសារការកកិត និងកង្ហារ ដែលភ្ជាប់ជាមួយនឹងដងរង្វិល បកខ្យល់នៅក្នុងម៉ូទ័រកុំអោយក្តៅ។
- Stray Losses បាត់បងដោយសារថាមពលអាមូនិច ដែលបង្កើតឡើងនៅពេលម៉ូទ័រដំណើរការមិនទាន់ពេញបន្ទុក។
- Energy-Efficient Motors កំណត់ពី 75 ទៅ 98 ភាគរយ ចំពោះម៉ូទ័រដែលមាន Energy-Efficiency ខ្ពស់ វាស៊ីអានុភាពតិច ដោយសារគេផលិតវាពី លោហៈធាតុដែលមានគុណភាពខ្ពស់ និងបច្ចេកទេសខ្ពស់។
- Frame Size ជាទំហំរបស់ម៉ូទ័រ ជាទូទៅកាលណា Frame Size កាន់តែធំ Horsepower ក៏កាន់តែធំ ចំនែកល្បឿនកាន់តែយឺត។ ចំពោះម៉ូទ័រដែលមាន Frame Size ស្មើ 56 ដងរង្វិលរបស់វា កំពស់ 3.5 អ៊ីង។
- Frequency: ជា frequency របស់ប្រភពផ្គត់ផ្គង។ ជាទូរទៅគឺ 50 ឬ 60 Hz ទៅតាមតំបន់ផ្សេងៗគ្នា។ ចំពោះម៉ូទ័រ 50Hz ត្រូវប្រើជាមួយភ្លើងអគ្គិសនី 50Hz ប្រសិនបើយើងយកវាទៅប្រើជាមួយនឹងភ្លើងអគ្គិសនី 60Hz ល្បឿនរបស់វានឹងកើនឡើងប្រមាណ 20% តែអាយុកាលរបស់វាអាចនឹងថយចុះ។
- Full-load Speed បង្ហាញអំពីល្បឿន ដែលម៉ូទ័រអាចដំណើរការបាន នៅពេលមានបន្ទុកពេញ។ ឧទាហរណ៍ ម៉ូទ័រ 60 Hz មាន Full-load Speed ស្មើនឹង 1,725 rpm។
- Load Requirements: ចំពោះបន្ទុក ដែលអាចប្រើប្រាស់ជាមួយនឹងម៉ូទ័រ ត្រូវបានចែកចេញជា 4 ប្រភេទ មានដូចជា៖
- Constant-torque Loads មានកម្លាំងរង្វិលថេរ បើទោះជានៅល្បឿនណាក៏ដោយ
- Variable-torque Loads នៅពេលល្បឿនយឺត កម្លាំងរង្វិលខ្សោយ នៅពេលល្បឿនចាប់ផ្តើមកើនឡើង កម្លាំងរង្វិលក៏ចាប់ផ្តើមកើនឡើងដែរ។
- Constant-horsepower Loads មានន័យថា Horsepower ថេរ គឺនៅពេលល្បឿនយឺត កម្លាំងរង្វិលខ្លាំង នៅពេលល្បឿនលឿន កម្លាំងរង្វិលខ្សោយវិញ។
- High-inertia loads ជាប្រភេទបន្ទុក ដែលនៅពេលចាប់ផ្តើមដំបូង ទាមទារកម្លាំងរង្វិលខ្លាំង តែនៅពេលដំណើរការវាត្រូវការកម្លាំងរង្វិលតែបន្តិចបន្តួចតែប៉ុណ្ណោះ។
- Motor Temperature Ratings: អ៊ីសូឡង់របស់ម៉ូទ័រ ការពាររាល់ផ្នែកដែលមានអគ្គិសនីឆ្លងកាត់ទាំងអស់មិនអោយមានទំនាក់ទំនងគ្នា ដើម្បីជៀសវាង Short Circuit ដែលអាចបណ្តាលអោយម៉ូទ័រឆេះ និងខូច។ អ្វីដែលធ្វើអោយអ៊ីសូឡង់របស់ម៉ូទ័រមានបញ្ហាគឺ កម្តៅ ព្រោះអាចធ្វើអោយខូចអ៊ីសូឡង់។ ហេតុដូចនេះយើងត្រូវជ្រើសរើសម៉ូទ័រដែលមានកម្រិតសីតុណ្ហភាពសមរម្យដែលអាចយកមកប្រើការបាន។ សីតុណ្ហភាពទាំងអស់រួមមាន៖
- Ambient Temperature ជាសីតុណ្ហភាពអតិបរមា ដែលនៅក្នុងបន្ទប់ ឬជុំវិញម៉ូទ័រ។
- Temperature Rise ជាសីតុណ្ហភាពនៃរបុំខាងក្នុងរបស់ម៉ូទ័រ រវាងពេលមិនដំណើរការ និងពេលដំណើរការពេញបន្ទុក។
- Hot-spot Allowance សីតុណ្ហភាពលើស ដែលអាចទទួលយកបាន មុនពេលម៉ូទ័រមានបញ្ហា។
- Insulation Class ជាទូទៅអ៊ីសូឡង់របស់ម៉ូទ័រត្រូវបានកំណត់ដោយអក្សរតំណាង។
- Duty Cycle គឺជារយៈពេលដែលម៉ូទ័រនឹងដំណើរការក្នុងខណៈពេលពេញបន្ទុក។ គេចែក Duty cycle ជាពីរគឺ continuous duty (ដំណើរការជាប់ ដោយមិនខូច ឬបន្ថយអាយុកាលទេ) និង intermittent duty (ដំណើរការដល់ពេលណាមួយ ត្រូវឈប់ដើម្បីអោយម៉ូទ័រចុះត្រជាក់ មុននឹងចាប់ផ្តើមដំណើរការម្តងទៀត)។
- Torque និយាយអំពីកម្លាំងរង្វិលរបស់ម៉ូទ័រ ដោយវាមានដូចជា៖
- Locked-rotor torque កម្លាំងរង្វិលអតិបរមានៅពេលចាប់ផ្តើមម៉ូទ័រដំបូង
- Pull-up torque កម្លាំងរង្វិលទាបបំផុតរបស់ម៉ូទ័រ នៅចន្លោះពេលចាប់ផ្តើមដំបូង រហូតដល់ល្បឿនដំណើរការរបស់ម៉ូទ័រ។
- Breakdown torque ជាកម្លាំងរង្វិលអតិបរមា ដែលម៉ូទ័រអាចដំណើរការបានដោយមិនគាំង ដែលជាទូទៅមានតម្លៃ 2 ទៅ 3 ដងនៃកម្លាំងរង្វិលនៅពេលពេញបន្ទុក។
- Full-load torque ជាកម្លាំងរង្វិល ដែលផ្តល់ដោយម៉ូទ័រ នៅពេលពេញបន្ទុក។
- Motor Enclosure ជាសំបករបស់ម៉ូទ័រ ដែលការពារពីមជ្ឈដ្ឋានខាងក្រៅ នៅពេលម៉ូទ័រដំណើរការ។ យើងត្រូវជ្រើសរើស enclosure អោយត្រូវនឹងការងាររបស់យើង បើពុំនោះទេ វាអាចប៉ះពាល់ដល់ដំណើរការ និងអាយុកាលរបស់ម៉ូទ័របាន។ ជាទូទៅ enclosure គេចែកចេញជាពីរគឺ Open (មានចន្លោះអោយខ្យល់ចេញចូល ពីខាងក្នុងនិងខាងក្រៅម៉ូទ័រ) និង Closed (បិទជិតមិនអោយមានខ្យល់ចេញចូល)។