Wednesday, August 13, 2014

ការថែទាំ និងរកចំនុចបញ្ហានៃម៉ូទ័រ

ការថែទាំម៉ូទ័រ

 

ជាទូទៅ ម៉ូទ័រអគ្គិសនី ជាប្រភេទម៉ាស៊ីនដែលដំណើរការ​ល្អបំផុត និងទាមទារ​តំហែទាំ​តិចតួច​ប៉ុណ្ណោះ។ ក៏ប៉ុន្តែប្រសិន​បើម៉ូទ័រ​អគ្គិសនីនោះ ត្រូវបាន​ប្រើប្រាស់​អស់រយៈពេល​ជាយូរមកហើយ​ វា​នៅតែ​ទាម​ទារ​អោយ​មាន​ការ​ថែទាំជា​ប្រចាំ​ផង​ដែរ។

ការត្រួតពិនិត្យជាប្រចាំ​ទៅលើ​ម៉ូទ័រ

ដើម្បីកុំអោយ​មាន​បញ្ហា​កើត​ឡើង​ទៅលើ​ម៉ូទ័រ យើងត្រូវធ្វើការ​កំណត់​ពេល​ ដើម្បី​ពិនិត្យ និង​ជួសជុល​ម៉ូទ័រ។ យើងអាច​រក្សាទុក​នូវ​កំណត់ហេតុ​ រាល់ពេល​ធ្វើការ​ពិនិត្យ​ និងជួស​ជុល​ទៅលើ​ម៉ូទ័រ ដែល​រយៈពេល​ដែល​ត្រូវ​ពិនិត្យ និង​ជួសជុល​ទៅលើម៉ូទ័រ​ ខុសៗគ្នាទៅតាមការងារ​ ដែល​ម៉ូទ័រនោះត្រូវបាន​យកទៅប្រើប្រាស់។ ចំពោះការ​ពិនិត្យទៅលើ​ម៉ូទ័រមានដូចជា តម្រង់ដងរង្វិល​អោយបាន​ត្រង់ ដាក់​ម៉ូទ័រ​នៅ​ទីតាំង​របស់​វា​អោយជាប់​ល្អ និងពិនិត្យ​លើខ្សែពាន ជាដើម។

ពិនិត្យលើ Brush និង Commutator

ចំពោះម៉ូទ័រប្រភេទ DC យើងត្រូវធ្វើការពិនិត្យទៅលើ

ធ្វើតេស្ត៍ទៅលើអ៊ីសូឡង់របស់របុំម៉ូទ័រ

យ៉ាងហោចណាស់ យើងត្រូវធ្វើការសាកល្បងចំពោះរេស៊ីស្តង់ របស់របុំខ្សែចម្លង និងរវាង​របុំ​ខ្សែ​ចម្លង​ទៅដីជារៀងរាល់​កន្លះឆ្នាំម្តង ដើម្បី​ស្វែងរក​នូវបញ្ហាចំពោះអ៊ីសូឡង់។ ចំពោះ​ម៉ូទ័រ​ ដែល​បាន​ចូលទឹក យើងចាំបាច់​ត្រូវ​សម្អាត​ និងធ្វើអោយ​វា​ស្ងួត​មុន​នឹង​យក​មកប្រើ​ប្រាស់។
ខាងក្រោម​នេះ គឺជា​តម្លៃ​របស់​រេស៊ីស្តង់​អ៊ីសូឡង់​ទាបបំផុត​ ធៀប​ជាមួយ​តង់ស្យុង​របស់​មូទ័រ៖
  • 600 V ឬទាបជាងនេះ ត្រូវការ​រេស៊ីស្តង់ 1.5 M
  • 2,300 V ត្រូវការ​រេស៊ីស្តង់ 3.5 M
  • 4,000 V ត្រូវការ​រេស៊ីស្តង់ 5 M

សម្អាតម៉ូទ័រអោយ​ស្អាត

យើងចាំបាច់ត្រូវធ្វើការ​បោសជូត ដុសខាត់ និងប្រើប្រដាប់បាញ់​ខ្យល់ ផ្លុំសម្អាត​ធូលី ដែលមាននៅ​លើ​ម៉ូទ័រ កម្របម៉ូទ័រ ហើយនិង​កន្លែងដែលខ្យល់ចេញ​ចូល​របស់​ម៉ូទ័រ ព្រោះថាធូលីដែល​មាន​នៅលើ​កម្របម៉ូទ័រ​អាចធ្វើអោយ​ម៉ូទ័រ​កាន់តែក្តៅ និងធ្វើអោយ​ស្ទះខ្យល់​ចេញចូល​របស់​ម៉ូទ័រ កាត់បន្ថយភាពត្រជាក់ ដែលជាហេតុធ្វើអោយ​ម៉ូទ័រ​ដំណើរកាន់តែក្តៅ។ យើង​ដឹង​ហើយ​ថា កម្តៅ​ជាមូល​ហេតុ​ចម្បងដែល​ធ្វើអោយ​ខូចស្រទាប់​អ៊ីសូឡង់ និងធ្វើអោយ​ម៉ូទ័រ​ឆេះ​នៅពេល​ដំណើរ​ការ។

ធ្វើអោយម៉ូទ័រ​ស្ងួតជានិច្ច

ចំពោះ​ប្រភេទម៉ូទ័រ​ដែល​ដំណើរការ​មិនឈប់មិនឈរ ជាធម្មតាមិនមាន​បញ្ហា​ជាមួយនឹងសំណើម​ដែល​នឹងកើត​មាន​នៅក្នុងម៉ូទ័រ​ទេ។ ប៉ុន្តែម៉ូទ័រ​ដែល​ប្រើប្រាស់ម្តងម្កាល អាចមានបញ្ហាច្រើនជាមួយ​នឹង​សំណើម ដូចនេះ​យើង​ត្រូវ​ដំណើរការ​ម៉ូទ័រនោះ យ៉ាងហោចណាស់ ២ ទៅ ៣ ម៉ោង​ក្នុង​មួយសប្តាហ៍ ដើម្បីបំបាត់​សំណើមដែល​មាននៅក្នុងម៉ូទ័រ។

ដាក់ប្រេងរំអិលអោយម៉ូទ័រ

ចំពោះការដាក់ប្រេងម៉ូទ័រ​ អាស្រ័យ​ទៅលើ​ការកំណត់ពីរោងចក្រ​ដែល​ផលិតម៉ូទ័រ​។ យើងត្រូវ​ដាក់​ប្រេង​រំអិល​ដែល​មាន​គុណភាពខ្ពស់ ដោយប្រុងប្រយ័ត្ន ដើម្បីកុំអោយមានការ​លាយ​ឡំជាមួយនឹង ធូលី ក៏ដូចជាទឹក។

ត្រួតពិនិត្យទៅលើ​ កម្តៅ សម្លេង និងរំញ័ររបស់ម៉ូទ័រ

ចំពោះសម្បកម៉ូទ័រដែលឡើង​កម្តៅខ្លាំង មានរំញ័រ និងសម្លេងខុសប្លែកពីធម្មតា អាច​បញ្ជាក់ថា ម៉ូទ័រកំពុង​មាន​បញ្ហា។ យើងត្រូវ​ធ្វើការ​ពិនិត្យអោយ​បាន​ទាន់ពេល និង​បំបាត់នូវ​ប្រភព​ដែល​នាំអោយ​មាន​ កម្តៅ សម្លេងថ្លង់ និងរំញ័រ ទៅលើម៉ូទ័រ។

ចរន្តនៅពេល​ចាប់ផ្តើមម៉ូទ័រដំបូងខ្ពស់ពេកជាបញ្ហាចម្បង ធ្វើអោយម៉ូទ័រមានបញ្ហា

លំហូរចរន្តដែលខ្ពស់​ឆ្លងកាត់ម៉ូទ័រ​ពេលកំពុងចាប់ផ្តើម​ដំបូង អាច​បង្កើត​អោយ​មាន​កម្តៅក្តៅខ្លាំងដល់ម៉ូទ័រ។ សម្រាប់ម៉ូទ័រកម្លាំង 200 hp ឬទាបជាងនេះ អាចទ្រាំទ្រ​រយៈពេលយូរ​បំផុត​ ដែល​ម៉ូទ័រ​អាច​បង្កើន​ល្បឿនពេលចាប់ផ្តើមដំបូង​ ដោយផ្ជាប់ជាមួយនឹងបន្ទុកធ្ងន់ គឺ 20 វិនាទី។ ដូចនេះ ម៉ូទ័រអគ្គិសនី មិនគួរ​ប្រើប្រាស់អោយលើសពី 150 វិនាទីនៃពេលចាប់ផ្តើមដំបូង ក្នុងរយៈពេល​មួយថ្ងៃឡើយ។

ការស្វែងរកបញ្ហារបស់ម៉ូទ័រ

ចំពោះបញ្ហាជាទូទៅដែល​កើតមានទៅលើ​ម៉ូទ័រ គឺបណ្តាល​មកពី​បញ្ហាមេកានិច និងបញ្ហាដែល​កើត​ចេញពីសៀគ្វីអគ្គិសនីរបស់ម៉ូទ័រ។ ចំពោះការ​ធ្វើតេស្ត៍​ទៅលើ​ម៉ូទ័រ​អគ្គិសនី ដោយមិនគិត​ពីគ្រោះថ្នាក់ និងធ្វេសប្រហែស អាច​បណ្តាញអោយ​មាន​គ្រោះថ្នាក់ដល់​យើង​បាន។ ដូចនេះ​ដើម្បីជៀស​វាង​គ្រោះ​ថា្នក់​ នៅពេល​ជួសជុល​ម៉ូទ័រ​យើង​ត្រូវ៖
  • ផ្តាច់ប្រភពអានុភាព ពីម៉ូទ័រ ហើយយើងត្រូវ​ដាក់​សញ្ញា ឬក៏​ចាប់​សោរ​នៅកន្លែង​ដែល​អាច​ ភ្ជាប់អានុភាពទៅកាន់ម៉ូទ័រអោយ​បាន​ភ្លាមៗ មុននឹង​បន្តទៅ​ពិនិត្យ​ និង​ជួសជុល​ម៉ូទ័រ។
  • ធ្វើការផ្ទេរអានុភាពចេញពីកុងដង់ទាំងអស់​ដែល​មាន​នៅក្នុង​ម៉ូទ័រ​ មុននឹង​ចាប់ផ្តើមការងារ។
  • មិនត្រូវអោយសម្លៀកបំពាក់ ឬក៏ដៃជើង របស់យើង​ នៅជិត​កន្លែង​ដែល​ម៉ូទ័រ​វិលនោះទេ។
  • បើអាច ត្រូវមានអ្នកចាំមើលសុវត្ថិភាព​នៅក្បែរនោះ មុននឹងចាប់ផ្តើម​ម៉ូទ័រឡើង​វិញ។
ចំពោះការប៉ះផ្ទាល់ នៅពេលកំពុងមានថាមពលអគ្គិសនី នៅក្នុងម៉ូទ័រ អាចមានគ្រោះថា្នក់​ខ្ពស់បំផុត ដូចនេះយើងមិនត្រូវ​ធ្វើការ​លើឧបករណ៍ដែល​កំពុងភ្ជាប់​ថាមពលអគ្គិសនី លុះត្រាតែវាចាំបាច់​ត្រូវ​ធ្វើការពិនិត្យ កែតម្រូវ ប្រើប្រាស់ និងជួសជុល។ នៅពេលដែល​យើង​ត្រូវ​ធ្វើការ នៅលើ​ឧបករណ៍ដែល​មាន​ថាមពលអគ្គិសនី ចាំបាច់ត្រូវពាក់​សម្លៀកបំពាក់ ក៏ដូចជា​ឧបករណ៍​ការពារ​អោយ​បាន​ត្រឹមត្រូវ ហើយមិនត្រូវ​ធ្វើការ​តែ​ម្នាក់​ឯងទេ ត្រូវមាន​អ្នកធ្វើការជាមួយ ក្នុងការករណីដែល​អាចមានគ្រោះថ្នាក់។
ឧបករណ៍ជាទូទៅ ដែលត្រូវបានប្រើប្រាស់ស្វែងរកបញ្ហារបស់ម៉ូទ័រ មានដូចជា Multimeter, Clamp-on ammeter (ប្រដាប់​វាស់​ចរន្ត), megohmmeter (ប្រដាប់​វាស់​រេស៊ីស្តង់), និង infrared thermometer (ប្រដាប់វាស់កម្តៅ) ដែលឧបករណ៍ទាំងអស់នេះ អាច​ប្រើប្រាស់​ដើម្បីធ្វើការ​វាស់​នូវ​ តង់ស្យុង ចរន្ត កម្តៅ និងរេស៊ីស្តង់​របស់​អ៊ីសូឡង់។
ចំពោះបង្គំម៉ូទ័រជាទូទៅមាន កន្លែងផ្គត់ផ្គងថាមពល កន្លែងបញ្ជា ម៉ូទ័រ និងបន្ទុក។ នៅពេលដែល​ម៉ូទ័រ​មានបញ្ហា យើងចាំបាច់ត្រូវ​ស្វែករកថាផ្នែក​ណាមួយ នៃបង្គំនេះ ដែល​បង្កអោយ​មាន​បញ្ហា។ កន្លែងផ្គត់ផ្គងថាមពល និងកន្លែងបញ្ជា អាចមានបញ្ហា ដូចម៉ូទ័រដែរ។ បន្ទុក​មេកានិចអាចកើនឡើង នៅពេល​ដែល​បន្ទុក​ដែល​ភ្ជាប់ទៅកាន់​ម៉ូទ័រ​កើនឡើង ឬគ្រាប់ប៉ាដាង និងកន្លែងតំណមានបញ្ហា។ ចំពោះការលើសបន្ទុកមេកានិច គឺជាបញ្ហាចម្បង ដែលបណ្តាល​អោយម៉ូទ័រ​មាន​បញ្ហា។