Tuesday, August 12, 2014

សុវត្ថិភាពជាចំបង

សុវត្ថិភាព គឺជាអាទិភាពទីមួយនៅគ្រប់ការងារទាំងអស់។ ជារៀងរាល់ឆ្នាំ គ្រោះថ្នាក់ដែលបង្កដោយ ថាមពលអគ្គិសនី បានបណ្តាលអោយមនុស្សរងរបួស និងរហូតដល់ស្លាប់ជាច្រើននាក់។ ជនរងគ្រោះភាគច្រើន គឺជាមនុស្សវ័យក្មេង ដែលចូលបំពេញការងារនៅតាមកន្លែងធ្វើការ ដោយសារតែពួកគេមិនមានការប្រុងប្រយ័ត្ន ធ្វេសប្រហែស និងកង្វះចំណេះដឹងពាក់ព័ន្ធទៅនឹង​អគ្គិសនី។


ការការពារនឹងការឆក់ពីចរន្តអគ្គិសនី

អ្វីទៅជា ការឆក់ដោយចរន្តអគ្គិសនី?

ខ្លួនរបស់មនុស្សអាចមានលទ្ធភាពក្នុងការចម្លងថាមពលអគ្គិសនីបាន។ បើទោះជា ចរន្តតូចក៏ដោយ ក៏វាអាច​ធ្វើអោយ​មានគ្រោះថ្នាក់​ដល់សុខភាពធ្ងន់ធ្ងរដែរ ដូចជា ការកន្ត្រាក់ រលាក ជាប់គាំងនៃសាច់ដុំ ឬក៏រហូតដល់ស្លាប់បាន ដែលវាអាស្រ័យទៅលើ បរិមាណរបស់ចរន្ត ដែលឆ្លងកាត់ខ្លួនរបស់យើង កន្លែងដែលវាឆ្លងកាត់ និងរយៈពេលនៃការឆក់។
ចំពោះកត្តាចំបងដែលជាហេតុបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះគឺ បរិមាណនៃចរន្តអគ្គិសនី​ ដែលបានឆ្លងកាត់​ដងខ្លួន​របស់មនុស្ស។​ ក៏ប៉ុន្តែបរិមាណរបស់ចរន្ត ក៏អាស្រ័យ​ដោយសារ​ តង់ស្យុង ហើយនិង រេស៊ីស្តង់ ដែលវាបានឆ្លងកាត់នៅក្នុងខ្លួនមនុស្ស។
រេស៊ីស្តង់ គឺផ្ទុយទៅនឹងលំហូរនៃចរន្ត ដែលឆ្លងកាត់។ កាលណារេស៊ីស្តង់មានតម្លៃកាន់តែធំ នោះចរន្តនឹងមានតម្លៃកាន់តែតូច ផ្ទុយទៅវិញ កាលណារេស៊ីស្តង់​របស់ខ្លួន​មនុស្ស​មានតម្លៃកាន់តែតូច​ នោះចរន្តដែលឆ្លងកាត់នឹងមាន​តម្លៃកាន់​តែធំ ដែលអាច​បង្កអោយមាន​គ្រោះថ្នាក់បាន។

រេស៊ីស្តង់របស់ខ្លួនមនុស្សចែកចេញជាពីរប្រភេទគឺ៖

  • ផ្នែកខាងក្រៅ (រេស៊ីស្តង់របស់ស្បែក)
  • ផ្នែកខាងក្នុង (រេស៊ីស្តង់របស់សាច់ និងឈាម)
ស្បែកដែលស្ងួត គឺមានអ៊ីសូឡង់ល្អ​ (រេស៊ីស្តង់ធំ) ចំណែកស្បែកដែលមានសំណើមមានអ៊ីសូឡង់មិនល្អ (រេស៊ីស្តង់ទាប) ហេតុនេះហើយទើប កម្លាំងនៃការឆក់ មានលក្ខណៈខ្លាំងក្លានៅពេលដៃសើម។ ក៏ប៉ុន្តែតម្លៃរបស់រេស៊ីស្តង់​មាន​លក្ខណៈ​ប្រែប្រួល​ខ្លាំងពីមនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ហេតុនេះហើយ​ទើប​ពេលខ្លះ​ចរន្ត​អគ្គិសនី​ដែលមាន​ឥទ្ធិពល​អាចសម្លាប់មនុស្ស​ម្នាក់​បាន បែរជាមិនអាច​សម្លាប់មនុស្សម្នាក់់ទៀតបាន ដោយសារភាពខុសគ្នានៃរេស៊ីស្តង់នៅក្នុងខ្លួនមនុស្សម្នាក់ៗ។

តម្លៃរេស៊ីស្តង់ជាទូទៅរបស់ខ្លួនមនុស្ស៖

  • ស្បែកស្ងួត មានរេស៊ីស្តង់ចាប់ពី 100,000 ទៅ 600,000 អូម
  • ស្បែកសើម មានរេស៊ីស្តង់ 1,000 អូម
  • ផ្នែកខាងក្នុងខ្លួន (ពីដៃទៅជើង) មានរេស៊ីស្តង់ចាប់ពី 400 ទៅ 600 អូម
  • ត្រចៀកម្ខាង ទៅត្រចៀកម្ខាងទៀត មានរេស៊ីស្តង់ 100 អូម
ចំពោះករណីស្បែកស្តើង ឬសើម មានរេស៊ីស្តង់ទាបជាងស្បែកដែលក្រាស់ ឬស្ងួតច្រើនដង។ នៅពេលរេស៊ីស្តង់របស់ស្បែកទាប ចរន្តអគ្គិសនីអាច​មិនបណ្តាល ឬបណ្តាលអោយ​មានគ្រោះ​ថ្នាក់​បន្តិច​បន្តួចប៉ុណ្ណោះ​ចំពោះស្បែក  តែវាបណ្តាលអោយមានការ​រលាកនូវសរីរាង្គ និងជាលិការ​ខាង​ក្នុង​ធ្ងន់ធ្ងរ​បាន។ រីឯ​ស្បែកដែល​មាន​រេស៊ីស្តង់​ខ្ពស់​ អាចបណ្តាល​អោយ​មាន​ការរលាក​នៅលើ​ស្បែក​ធ្ងន់ធ្ងរ​ តែវាការពារ​ចរន្ត​មិនអោយ​ឆ្លង​ចូលទៅក្នុង​ខ្លួនទេ។
តង់ស្យុង វាក៏ដើរតួសំខាន់​ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ដោយអាស្រ័យទៅ​លើមនុស្សដែល​មាន​រេស៊ីស្តង់​ស្បែក​ខុសៗគ្នា និង​លក្ខខណ្ឌ​នៃ​បេះដូង។ ជាទូទៅ គេចាត់ទុកតង់ស្យុង ដែលមានតម្លៃលើសពី 30 វ៉ុល ថាមានគ្រោះថ្នាក់។

កម្រិតអំព្លីទុតរបស់ចរន្ត និងឥទ្ធិពលទៅលើខ្លួនមនុស្ស

  • 1 mA ~ បណ្តាលអោយមានអារម្មណ៍ថាឆក់
  • 2 mA ~ បណ្តាលអោយឆក់តិចៗ (ខ្សោយ)
  • 5 mA ~ អាចធ្វើអោយ GFCI ដំណើរការ (ឧបករណ៍ដែលការពារការឆក់)
  • 10 mA ~ មានអារម្មណ៍ឈឺចាប់ពីការឆក់ 
  • 20 mA ~ មានអារម្មណ៍ថារួញសាច់ដុំ និងចាប់ផ្តើមពិបាកដកដង្ហើម
  • 30 mA ~ ឆក់ធ្ងន់ធ្ងរ
  • 50 mA ~ ពិបាកដកដង្ហើម
  • 100 mA ~ បេះដូងចាប់ផ្តើមឈប់លោត
  • 300 mA ~ មានការរលាកធ្ងន់ធ្ងរ ហើយនិងឈប់ដកដង្ហើម។
ដូចនេះយើងឃើញថា ចំពោះថ្មពិលធម្មតាដែលមានតង់ស្យុង 1.5V ក៏អាចមានលំហូរចរន្តគ្រប់គ្រាន់ ទៅ​សម្លាប់​មនុស្ស​បាន​ផងដែរ ប៉ុន្តែយើងអាច​ចាប់​កាន់វា ដោយមិនមានគ្រោះថ្នាក់អ្វីឡើយ។ នេះដោយសារតែរេស៊ីស្តង់របស់ស្បែកមនុស្សខ្ពស់គ្រប់គ្រាន់ ដែល​រាំង​ខ្ទប់​នូវលំហូរ​ចរន្ត​អគ្គិសនី​ឆ្លងកាត់​ខ្លួនមនុស្ស​បាន។​ ប៉ុន្តែ ចំពោះតង់ស្យុងខ្ពស់ អាចធ្វើអោយចរន្តឆ្លងកាត់ស្បែក និងបង្ក​អោយ​មានគ្រោះ​ថ្នាក់​បាន។ ដូចនេះ​ កាលណា​តម្លៃតង់ស្យុង​កើនឡើង ធ្វើអោយ​លំហូរ​ចរន្តកើនឡើង និងបង្កអោយ​មាន​គ្រោះថ្នាក់​កាន់​តែធ្ងន់​ធ្ងរ

ផ្នែកដែលចរន្តឆ្លងកាត់ខ្លួនមនុស្សក៏បណ្តាលអោយមានគ្រោះ​ថ្នាក់​ដែរ!

ចរន្តឆ្លងកាត់​ផ្នែកមួយចំនួន​នៃ​ខ្លួនមនុស្ស​ អាច​បង្កអោយ​មាន​គ្រោះ​ថ្នាក់​កាន់​តែ​ធ្ងន់ធ្ងរ​ជាមុន។ ឧទាហរណ៍៖ ចរន្តអគ្គិសនី ដែលឆ្លងពីដៃទៅជើង បានឆ្លងកាត់បេះដូង និងប្រព័ន្ធប្រសៃប្រសាទ គឺមានគ្រោះថ្នាក់ខ្លាំងក្លាជាង ការឆ្លងនៅលើតែដៃម្ខាងទៅទៀត។
មួយយ៉ាងវិញទៀត ចរន្តអគ្គិសនីប្រភេទ AC (ចរន្តឆ្លាស់) ដែលមានប្រេកង់ជាទូទៅ 50Hz អាចបង្កគ្រោះ​ថ្នាក់ជាង ចរន្ត DC (ចរន្តជាប់) ដែលមានតម្លៃតង់ស្យុង និងចរន្តដូចគ្នា ដល់ទៅ 3 ទៅ 5 ដងឯណោះ។
មូលហេតុដោយសារ ចរន្តជាប់ DC ធ្វើអោយសាច់ដុំកន្ត្រាក់ ដែលធ្វើអោយ​ជនរងគ្រោះ​ខ្ទាតចេញ ពីកន្លែង​ដែល​ប៉ះពាល់​នឹងចរន្តអគ្គិសនី។ ចំណែកឯ ចរន្តឆ្លាស់ AC វិញ អាស្រ័យ​ទៅ​លើ​ប្រេកង់​របស់វា ដែលប្រេកង់ទាប (ចាប់ពី 50 ទៅ 60 Hz) ជាធម្មតាមានគ្រោះថ្នាក់ជាងចរន្តដែល​មាន​ប្រេកង់ខ្ពស់។ ចរន្ត AC អាចធ្វើអោយសាច់ដុំជាប់គាំង (កន្លែង​ណា​មួយ​នៃរាងកាយ​ដែល​ប៉ះពាល់​ទៅនឹង​ចរន្តអគ្គិសនី) ដែលជាលទ្ធផលធ្វើអោយ​រយៈពេលនៃការ​ឆក់កាន់តែយូរ។

គ្រោះថ្នាក់ជាទូទៅដែលទាក់ទងនឹង​ថាមពល​អគ្គិសនី គឺការរលាក!

ប្រភេទចំបងនៃការរលាកមានបី គឺ៖
  • Electrical burns: ជាការរលាកនៅពេលចរន្តឆ្លងកាត់​សាច់ដុំ ឬឆ្អឹង។ ការរលាកនេះ កើតមាននៅតែលើផ្ទៃស្បែក ឬស្រទាប់ស្បែកដែលជ្រៅជាងបន្តិចប៉ុណ្ណោះ។
  • Arc burns: ជាការរលាកដោយសីតុណ្ហភាពខ្ពស់ ដែលកើតឡើងដោយសារ ធ្នូរអគ្គិសនី (រហូតដល់ 20,000 អង្សារ)។ ចំពោះធ្នូរអគ្គិសនីនេះ អាចបណ្តាលអោយខូចកុងតាក់​អគ្គិសនី ឬក៏ខូចអ៊ីសូឡង់។
  • Thermal contact burns: ជាការរលាក ដោយសារការប៉ះទៅនឹងផ្ទៃដ៏ក្តៅ របស់​ឧបករណ៍ ដែល​កំពុង​លើសកំដៅ (overheated)។

 ការជួយសង្គ្រោះជនរងគ្រោះ

ប្រសិនបើអ្នកណាម្នាក់ បានទទួលរងនូវការឆក់ធ្ងន់ធ្ងរ យើងចាំបាច់ធ្វើយ៉ាងណា អោយ​ចរន្ត​ដែល​នៅក្នុង​ជនរងគ្រោះ​ចេញមកក្រៅជាបន្ទាន់តាមដែលអាចធ្វើ​ទៅបាន​ ដូចជាការ​យក​ជនរងគ្រោះ​ ទៅកប់ក្នុងដី ដោយទុកកន្លែងដកដង្ហើម។ ជៀសវាងដាច់ខាតការប៉ះពាល់ជនរងគ្រោះដោយផ្ទាល់ រហូតដល់អានុភាពអគ្គិសនី ត្រូវបាន​កាត់ផ្តាច់។ ​

ឧបករណ៍សម្រាប់ការពារ

កន្លែងផលិតកម្ម និងសាងសង់ គឺជាកន្លែងដែលមានគ្រោះថ្នាក់ជាងគេ។ ដោយមូលហេតុនេះ សុវត្ថិភាពគឺជាកត្តាចាំបាច់បំផុត ដែលមិនអាចប្រកែកបាន។ សញ្ញា ហើយនិងប្លាកសុវត្ថិភាព គួរតែត្រូវបាន​ប្រើប្រាស់​សម្រាប់ទីតាំង​ ឬក៏ឧបករណ៍​ ដែល​អាច​បង្ក​អោយ​មាន​គ្រោះ​ថ្នាក់។ ចំពោះសញ្ញា ឬប្លាកទាំងនោះ គួរតែផ្តល់នូវ​ ការដាស់តឿនចំពោះគ្រោះថ្នាក់ ឬក៏ ផ្តល់នូវការណែនាំ​អំពីសុវត្ថិភាព។
ដើម្បីអោយមាន​សុវត្ថិភាពនៅក្នុងការងារ យើងត្រូវតែស្លៀកពាក់​សំលៀកបំពាក់ការពារ​អោយបាន​ត្រឹមត្រូវ។
  • យើងត្រូវពាក់ មួកដែលរឹង ស្បែកជើងសុវត្ថិភាព និងវែនតាការពារភ្នែក​នៅកន្លែង​ដែល​ចាំបាច់។ ចំពោះមួកដែល​ធ្វើពីលោហៈ (អាចចម្លងចរន្តអគ្គិសនី) មិនត្រូវប្រើប្រាស់ឡើយ។
  • ប្រដាប់ការពារត្រចៀក​ ចាំបាច់ត្រូវពាក់នៅកន្លែងដែល​មាន​សម្លេង​រំខានខ្លាំង។
  • សម្លៀកបំពាក់ គួរតែពាក់​អោយ​ត្រឹមត្រូវ ជៀសវាង​ការ​ទាក់ចូល​ទៅក្នុង​ម៉ាស៊ីនកំពុងវិល។ ជៀសវាងការ​ប្រើប្រាស់​សម្លៀកបំពាក់​ដែល​ធ្វើ​អំពី​លីឡុង ព្រោះ​វាអាចរលាយ ឬក៏ឆេះ នៅក្នុងសីតុណ្ហភាពខ្ពស់ ដែលអាចបណ្តាល​អោយ​រលាក​។ ដូចនេះយើងគួរ​តែប្រើប្រាស់​សម្លៀកបំពាក់​​ប្រភេទ​ក្រណាត់​កាតុង។
  • ដោះនូវគ្រឿងអលង្ការចេញនៅ​ពេល​ធ្វើការ​ជាមួយនឹងអគ្គិសនី ព្រោះ មាស និង ប្រាក់ គឺជា​ធាតុចម្លងអគ្គិសនីដ៏ល្អបំផុត។
  • ចងសក់ ឬក៏កាត់សក់អោយខ្លី នៅពេលធ្វើការជុំវិញម៉ាស៊ីន។
បន្ទាប់ពីបានអាន នូវអត្ថបទខាងលើហើយ ខ្ញុំជឿជាក់ថាអ្នកនឹងមាន ចំណេះដឹងមួយចំនួនពាក់​ព័ន្ទ ទៅនឹង៖
  • មូលហេតុនៃការឆក់ចរន្តអគ្គិសនី
  • គ្រោះថ្នាក់បណ្តាលពីការឆក់ចរន្តអគ្គិសនី
  • ការការពារ និងជួយសង្គ្រោះជនរងគ្រោះ