យើងធ្លាប់ឃើញហើយថា ត្រង់ស្វូម៉ាទ័រត្រូវបានគេប្រើប្រាស់ សម្រាប់តំឡើងឬបញ្ចុះតង់ស្យុង សម្រាប់កន្លែងបង្កើត កន្លែងបញ្ជូន និងកន្លែងចែកចាយថាមពលអគ្គិសនី។ យើងមានមូលហេតុមួយចំនួន ដែលនាំអោយយើងប្រើប្រាស់ ត្រង់ស្វូម៉ាទ័រពីរ ជំនួសអោយត្រង់ស្វូម៉ាទ័រតែមួយ។ គុណសម្បត្តិមួយចំនួន មានដូចជា៖
ដើម្បីអោយត្រង់ស្វូម៉ាទ័រពីរឬច្រើន អាចដំណើរការស្របគ្នាបាន យើងត្រូវគោរពតាមលក្ខខ័ណ្ឌមួយចំនួនដូចជា៖
- ធ្វើអោយប្រព័ន្ធអានុភាពអគ្គិសនីកាន់តែមានប្រសិទ្ធិភាព៖ ជាទូទៅ ត្រង់ស្វូអានុភាពអគ្គិសនីនៅពេលដំណើរការពេញបន្ទុក នោះប្រសិទ្ធិភាពរបស់វា ក៏កាន់តែខ្ពស់ផងដែរ។ នៅពេលយើងដំណើរការត្រង់ស្វូម៉ាទ័រច្រើនដំណាលគ្នា យើងអាចបើកអោយត្រង់ស្វូម៉ាទ័រណាមួយ ដំណើរការរហូតជិតដល់កម្រិតពេញបន្ទុករបស់វា ហើយនៅពេលដែលបន្ទុកកើនឡើង យើងអាចភ្ជាប់ត្រង់ស្វូម៉ាទ័របន្ថែមទៀតទៅលើបណ្តាញ ដើម្បីតម្រូវតាមបន្ទុក។ តាមវិធីសាស្ត្រនេះ យើងអាចប្រើត្រង់ស្វូម៉ាទ័រ ដោយមានប្រសិទ្ធិភាពបំផុត។
- កាត់បន្ថយការអាក់ខាននៃការផ្គត់ផ្គង់៖ នៅពេលត្រង់ស្វូម៉ាទ័រដំណើរការស្របគ្នាច្រើន ក្នុងករណីដែលត្រង់ស្វូម៉ាទ័រមួយ អាក់ខានដំណើរការ ដោយសារការឆ្លង និងផ្តាច់ដោយឧបករណ៍ការពារ យើងអាចផ្តាច់ត្រង់ស្វូមួយ យកទៅជួសជុល ឬថែទាំ ដោយត្រង់ស្វូម៉ាទ័រដទៃទៀត នៅដំណើរការជាធម្មតា (គ្មានការកាត់ផ្តាច់អានុភាពអគ្គិសនី)។
- មានលទ្ធភាពពង្រីក ឬពង្រួមបណ្តាញអានុភាពអគ្គិសនី៖ នៅពេលអនាគត តម្រូវការនៃបណ្តាញអនុភាពកាន់តែធំឡើងៗ ដូចនេះទាមទារនូវត្រង់ស្វូម៉ាទ័រដំណើរការស្របគ្នា ដើម្បីអាចទ្រទ្រង់តាមតម្រូវការរបស់បន្ទុក ដោយសារប្រសិនបើយើងយកត្រង់ស្វូម៉ាទ័រធំមួយ សម្រាប់ផ្គត់ផ្គង់អានុភាពអគ្គិសនី នោះយើងនឹងចំណាយអស់ថវិការច្រើន។ ម្យ៉ាងវិញទៀត ប្រសិនបើបន្ទុកនៅពេលអនាគត ត្រូវបានកាត់បន្ថយ ត្រង់ស្វូម៉ាទ័រដែលដំណើរការស្របគ្នា អាចត្រូវបានដកចេញខ្លះ ដើម្បីអោយការចំណាយមានតុល្យភាព។
លក្ខខ័ណ្ឌនៃការដាក់ត្រង់ស្វូម៉ាទ័រដំណើរការស្របគ្នា
- មេគុណត្រង់ស្វូម៉ាទ័រដូចគ្នា៖ ប្រសិនបើមេគុណត្រង់ស្វូខុសគ្នា នោះតង់ស្យុងនៅច្រកចេញនៃត្រង់ស្វូម៉ាទ័រក៏ខុសគ្នាដែរ ដូចនេះនៅពេលយើងភ្ជាប់វានៅលើ Bus តែមួយនឹងកើតមានលំហូរចរន្តវិលជុំរវាងច្រកចេញនៃត្រង់ស្វូម៉ាទ័រ ក៏ដូចជាច្រកចូលផងដែរ។ ក្នុងករណីដែលអាំប៉េដង់ក្នុងនៃត្រង់ស្វូម៉ាទ័រតូច នាំអោយការប្រែប្រួលតង់ស្យុងបន្តិចបន្តួច កើតមានការប្រែប្រួលចរន្តធំ ដែលបណ្តាលអោយមានអានុភាពបាត់បង់ធំសម្បើមផងដែរ។
- មានអាំប៉េដង់ដូចគ្នា៖ ចរន្តដែលឆ្លងកាត់ត្រង់ស្វូម៉ាទ័រទាំងពីរ ត្រូវតែសមាមាត្រនឹង អានុភាពរបស់ត្រង់ស្វូម៉ាទ័រទាំងពីរ។ ហើយចរន្តដែលឆ្លងកាត់ត្រង់ស្វូម៉ាទ័រ សមាមាត្រច្រាស់ទៅនឹងអាំប៉ាដង់ក្នុងរបស់ត្រង់ស្វូម៉ាទ័រ ដូចនេះអាំប៉េដង់នៃត្រង់ស្វូម៉ាទ័រទាំងពីរ ត្រូវដូចគ្នា។
- មានប៉ូលដូចគ្នា៖ ប៉ូលនៃត្រង់ស្វូម៉ាទ័រទាំងអស់ ដែលដំណើរការស្របគ្នា ត្រូវដូចគ្នា បើពុំនោះទេ នឹងកើតមានចរន្តឆ្លងកាត់ធំនៅក្នុងត្រង់ស្វូម៉ាទ័រ ក៏ប៉ុន្តែចរន្តនោះ មិនបានផ្គត់ផ្គង់ទៅបន្ទុកណាទេ។ ប៉ូលរបស់ត្រង់ស្វូម៉ាទ័រមានន័យថា ទិសដៅនៃតង់ស្យុងដែលកើតមាននៅក្នុងរបុំនៃច្រកចេញ ដូចនេះប្រសិនបើទិសដៅនៃតង់ស្យុងនៃរបុំច្រកចេញរបស់ត្រង់ស្វូម៉ាទ័រដែលដាក់ដំណើរការស្របគ្នា ផ្គត់ផ្គងដោយប្រភពតែមួយ មានទិសដៅផ្ទុយគ្នា នោះបូ៉លរបស់ត្រង់ស្វូម៉ាទ័រទាំងពីរផ្ទុយគ្នា។ ច្រាសមកវិញ ប្រសិនបើទិសដៅដូចគ្នា នោះប៉ូលក៏ដូចគ្នាដែរ។
- មានលំដាប់ផាសដូចគ្នា៖ លំដាប់ផាសត្រូវតែដូចគ្នា បើពុំនោះទេ ផាសរបស់ត្រង់ស្វូម៉ាទ័រទាំងពីរ នឹង short circuit។