ការប្រើម៉ាស៊ីនភ្លើងតែមួយ កម្រមានណាស់នៅតាមស្ថានីយ៍អគ្គិសនី។ ភាគច្រើនគេប្រើប្រាស់ នៅក្នុងករណីបណ្តោះអាសន្នប៉ុណ្ណោះ នៅពេលដែលដាច់ភ្លើងក្នុងខណៈពេលមួយខ្លីជាដើម។ ដូចនេះ យើងនឹងមើលថាតើ ការប្រតិបត្តិការម៉ាស៊ីនភ្លើងច្រើនស្របគ្នា មានអត្ថប្រយោជន៍អ្វីខ្លះ ដូចខាងក្រោម៖
- អាចបង្កើតបន្ទុកប្រើប្រាស់ច្រើនជាងមុន បើធៀបនឹងម៉ាស៊ីនភ្លើងមួយ។
- ធ្វើអោយបណ្តាញកាន់តែមានស្ថេរភាព ព្រោះនៅពេលដែលម៉ាស៊ីនមួយខូច ឬផ្អាក មិនប៉ះពាល់ដល់ការផ្គត់ផ្គងអានុភាពនោះទេ។
- អាចអោយយើងធ្វើការផ្តាច់ម៉ាស៊ីនភ្លើងណាមួយ យកទៅជួសជុលឬតំហែទាំបាន ដោយមិនចាំបាច់ផ្តាច់អានុភាពនៃបណ្តាញទាំងមូល។
- នៅពេលដែលម៉ាស៊ីនភ្លើងមួយដំណើរការ មិនដល់កម្រិតពេញបន្ទុករបស់វា នាំអោយការប្រើប្រាស់មិនមានប្រសិទ្ធិភាពខ្ពស់នោះទេ។ ចំណែកការប្រើម៉ាស៊ីនភ្លើងតូចៗច្រើន ដំណើរការស្របគ្នា អាចធ្វើអោយម៉ាស៊ីនទាំងនោះ ដំណើរការរហូតដល់ជិតពេញបន្ទុកបាន។
លក្ខខ័ណ្ឌដើម្បីដំណើរការម៉ាស៊ីនភ្លើងច្រើនស្របគ្នា
ផលប៉ះពាល់ដែលបណ្តាលមកពីការភ្ជាប់ម៉ាស៊ីនភ្លើងច្រើនចូលគ្នា ដោយមិនគិតពីរបៀបត្រឹមត្រូវ អាចបណ្តាលអោយមានបញ្ហាកើតឡើងដូចជា ធ្វើអោយម៉ាស៊ីនភ្លើងខូច កាត់អានុភាពពីបន្ទុក ប្រសិនបើតង់ស្យុងបណ្តាញរវាងម៉ាស៊ីនភ្លើងទាំងពីរមិនស្មើគ្នា នោះនឹងបណ្តាលអោយមានលំហូរចរន្តធំនៅពេលដែលភ្ជាប់។ ដើម្បីជៀសវាងបញ្ហាទាំងនេះ តង់ស្យុងនៃបណ្តាញត្រូវដូចគ្នា បានន័យថា តង់ស្យុងផាស A នៅម៉ាស៊ីនភ្លើងទី១ ស្មើនឹងតង់ស្យុងផាស A' នៅម៉ាស៊ីនភ្លើងទី២ ចំណែក B ស្មើ B' ហើយនិង C ស្មើនឹង C' ផងដែរ។ ប៉ុន្តែតើយើងធ្វើយ៉ាងណា ទើបដឹងថាវាទាំងអស់ស្មើគ្នា។ ដូចនេះលក្ខខ័ណ្ឌមួយចំនួនត្រូវគោរពតាម ដូចខាងក្រោម៖
- តង់ស្យុង RMS នៃម៉ាស៊ីនភ្លើងទាំងពីរត្រូវស្មើគ្នា។
- ម៉ាស៊ីនភ្លើងទាំងពីរត្រូវមានលំដាប់ផាសដូចគ្នា (A B C)។
- មុំផាស នៃតង់ស្យុងផាស A និង A' ត្រូវស្មើគ្នា។
- ប្រេកង់នៃម៉ាស៊ីនភ្លើងដែលភ្ជាប់មកក្រោយត្រូវខ្ពស់ជាងប្រេកង់នៃបណ្តាញដែលកំពុងដំណើរការបន្តិច។
លក្ខខ័ណ្ឌទីមួយ៖ កាលតង់ស្យុង RMS ស្មើគ្នា នោះនាំអោយតង់ស្យុងផាស A និង A' ពិតជាស្មើជាក់ជាមិនខាន។
លក្ខខ័ណ្ឌទីពីរ៖ ដើម្បីអោយប្រាកដថា លំដាប់ស្មើគ្នា នោះនាំអោយតង់ស្យុង Peak រវាងម៉ាស៊ីនភ្លើងទាំងពីរក៏ស្មើគ្នាដែរ។ ប្រសិនបើលំដាប់ផាសខុសគ្នា នោះតង់ស្យុងផាសមួយក្នុងចំណោមបីដូចគ្នា ក៏ប៉ុន្តែតង់ស្យុងផាសពីរផ្សេងទៀតខុសគ្នា ១២០ ដឺក្រេ ដែលនាំអោយកើតមានចរន្តធំក្នុងរបុំទាំងពីរ និងធ្វើអោយម៉ាស៊ីនភ្លើងខូច។
លក្ខខ័ណ្ឌទីបី៖ ដូចនឹងលក្ខខ័ណ្ឌទីមួយដែរ គឺនៅពេលដែលមុំផាសដូចគ្នា នឹងនាំអោយតង់ស្យុងនៃផាសនិមួយៗស្មើគ្នាផងដែរ។
លក្ខខ័ណ្ឌទីបួន៖ កាលណាប្រេកង់នៃម៉ាស៊ីនទាំងពីរខុសគ្នាឆ្ងាយ នោះនៅពេលដែលវាទាំងពីរត្រូវបានភ្ជាប់ នាំអោយមានការកើនឡើងអានុភាពធំ រហូតទាល់តែម៉ាស៊ីនទាំងពីរដំណើរការនៅក្នុងប្រេកង់ណាមួយ។ ប្រេកង់របស់ម៉ាស៊ីនភ្លើងទាំងពីរនៅពេលភ្ជាប់គ្នាដំបូង ត្រូវស្ទើរតែប្រហែលគ្នា ប៉ុន្តែមិនអាចដូចគ្នាបានទេ។