Tuesday, August 26, 2014

តើអ្វីទៅជា PLC?

Programmable Logic Controllers
PLC មានឈ្មោះពេញថា Programmable Logic Controllers វាមានលក្ខណៈដូចទៅ​នឹង​កុំព្យូទ័រ​ដែរ
ដែលភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ប្រាស់​នៅក្នុង​ឧស្សាហកម្ម និងបំពេញមុខងារ​ជាលក្ខណៈ Control ដោយ​ពី​មុន​គេប្រើប្រាស់​ Relay ប៉ុន្តែសព្វថ្ងៃ​នេះ គេងាកមក​ប្រើប្រាស់​ PLC វិញ។ ចំពោះសៀគ្វី control ដោយ​ Relay ធម្មតា មាន​លក្ខណៈ​ស្មុគស្មាញ ដោយសារ​តែ​ការ​ភ្ជាប់​ខ្សែ​ច្រើន​រញ៉េរញ៉ៃ ខុសពី PLC ដោយ​មិនចាំបាច់​ប្រើប្រាស់​ខ្សែ​ច្រើន ដោយវា​មាន​លទ្ធភាព​ក្នុងការ​ Control រវាង​ input និង output។ អត្ថប្រយោជន៍មួយចំនួន​របស់​ PLC គឺ ងាយស្រួល​ក្នុងការ​តម្លើង​និងបញ្ចូល Program, មានល្បឿនលឿន​ក្នុង​ការ control, វាអាច​តភ្ជាប់​ជាលក្ខណៈ​បណ្តាញ, ងាយស្រួលក្នុងការ​ធ្វើតេស្ត និងស្វែងរកមូលហេតុ​ ដែលបណ្តាលអោយ​វាមានបញ្ហា, ហើយនិងដំណើរការរបស់​វា​អាច​អោយ​យើង​ជឿជាក់​បាន។
SIEMENS PLC

នៅមានលក្ខណៈពិសេសជាច្រើន​ទៀតដូចជា៖
  • ដំណើរការ​ត្រឹមត្រូវ៖ នៅពេលដែល​យើង​បាន​បញ្ជូល​ និងធ្វើ​តេស្តទៅលើ​ PLC ហើយ យើង​អាច​យក​ program នោះ​ទៅតម្លើង​នៅលើ PLC ដទៃទៀត​យ៉ាងងាយស្រួល។ វាកម្រ​នឹង​កើត​មានកំហុសឆ្គងណាស់ (error) ដោយសារ​តែវា​មាន memory សម្រាប់​ផ្ទុករាល់​ program ទាំងនោះ។
  • ងាយស្រួលក្នុងការកែប្រែ៖ យើងអាច​បង្កើត​ ឬក៏កែប្រែនូវ program នៅលើ PLC ដោយមិន​ចាំបាច់​ធ្វើការ​តខ្សែជាថ្មី ដូច Relay នោះទេ។ ចំពោះ​ផ្នែក input និង output វាទំនាក់​ទំនង​គ្នា​តែតាម​រយៈ program ទេ។ ចំពោះ​រោងចក្រ​ដែលផលិត​ PLC មួយចំនួន ក៏មានផ្តល់​នូវការ update ទៅលើ​ program ផងដែរ រួមទាំង​សុវត្ថិភាពនៅលើ PLC ដោយយើង​អាច​ធ្វើការ​ Lock ឬក៏ដាក់​ Password បាន។
  • មានតម្លៃទាប៖ ចំពោះរោងចក្រមួយ ដែល​មាន​សៀគ្វីសម្រាប់​បញ្ជា​រាល់​នូវ​ចង្វាក់​ផលិតកម្ម ពីមុន​គេ​ប្រើប្រាស់នូវ Relay ដូចនេះយើង​ឃើញថា វាត្រូវការ​ Relay ច្រើន ដើម្បីអាច​គ្រប់គ្រង​ចង្វាក់ផលិតកម្ម​ទាំងមូលបាន។ ប៉ុន្តែបើយើងប្តូរ​មក​ប្រើប្រាស់​ Relay វិញ មានតម្លៃទាបជាង បើយើង​ធៀបទៅនឹង Relay។
  • អាចធ្វើការទំនាក់ទំនងជាមួយនឹង PLC ដទៃ៖ យើងអាចប្រើប្រាស់ Relay មួយ សម្រាប់​គ្រប់គ្រងទៅលើ​ Relay ដទៃទៀត ដូចជាការ​ប្រមូលនូវទិន្នន័យ ផ្តល់នូវប៉ារ៉ាមែត្រ​សម្រាប់​ដំណើរការ និង download ឬក៏ upload នូវ program ទៅកាន់ Relay ទាំងនោះ។
  • រយៈពេលនៃការ​ឆ្លើយតបលឿន៖ ជាទូទៅ PLC ត្រូវបានបង្កើតឡើង​ដោយ​ដំណើរការ​របស់​វា មានល្បឿនលឿន។ ដូចជា​ចង្វាក់​ផលិតកម្ម ដែល​ធ្វើការ​ជាមួយនឹងផលិតផល​រាប់​ពាន់ ក្នុងរយៈពេលមួយវិនាទី ដូចនេះក្នុងផលិតផលមួយ ត្រូវឆ្លងកាត់​ sensor តែក្នុងរយៈពេល​ ដ៏ខ្លីបំផុត ដែលជាហេតុ​នាំអោយ​ PLC ដែល​ដំណើរការ​លឿន​ទើប​អាច​យក​មកប្រើ​ប្រាស់​បាន។
  • ងាយស្រួលរកនូវមូលហេតុ​នៃ​បញ្ហា៖ PLC មាននូវ monitor សម្រាប់បង្ហាញ អោយយើងធ្វើការ​រកនូវ​មូល​ហេតុ​ដែល​ធ្វើអោយ PLC ដំណើរការ​ខុសលក្ខខណ្ឌ ដូចនេះវាពិតជាមាន​ភាពងាយស្រួល ជាងការប្រើប្រាស់ Relay ធម្មតា ដែលវាមានខ្សែតភ្ជាប់គ្នាច្រើន នាំអោយយើង​វិលមុខក្នុងការ​រក​ចំនុចនៃបញ្ហា។
Normal Relay

ផ្នែកនិមួយៗ​នៃ PLC

PLC ធម្មតា​ត្រូវ​បាន​ចែកចេញជា ៤ ផ្នែកគឺ CPU ដែលយើងស្គាល់ថាជា Central Processing Unit, ផ្នែក I/O ឬ input/output, ផ្នែក power supply, ហើយនិងផ្នែក programming។
ចំពោះ architecture របស់ PLC ត្រូវបាន​ចែកចេញជាពីរគឺ Open architecture និង Closed architecture។ ចំពោះ Open architecture យើងអាចធ្វើការភ្ជាប់នូវផ្នែកផ្សេងៗ ឬក៏ program ដែល​បានមកពី​រោងចក្រដែល​ផលិត PLC ផ្សេងៗគ្នាបាន។ ចំណែកឯ Closed architecture វាមិនអាច​លាយ​ឡំជាមួយនឹង hardware ឬ software រវាងរោងចក្រ​ដែល​ផលិតមក​ខុសគ្នា​បាន​ទេ។

ផ្នែក I/O

PLC face door opens (Modular controller)

 

I/O ដែលភ្ជាប់ទៅកាន់ PLC មានពីរគឺ Fixed និង Modular។ ចំពោះ Fixed I/O គឹប្រភេទ PLC តូចៗ ដែល​វាត្រូវ​បាន​បង្កើត​ឡើង​ជាលក្ខណៈ package ដោយយើង​មិនអាច​បំបែក ឬដកផ្នែក​ណាមួយចេញពី​គ្នា​បានទេ។ ដូចនេះរវាង processor ហើយនិង I/O ត្រូវបាន​បង្កើត​ឡើង​ជាមួយគ្នាតែ​ម្តង ដូចនេះ Input និង Output មានចំនួន​មិនប្រែប្រួល។ ចំពោះគុណសម្បត្តិ​របស់​វានោះគឺ មានតម្លៃថោក។ ចំណែកគុណវិបត្តិគឺ វាមិនអាចធ្វើការ​ផ្លាស់​ប្តូរ ដោយសារ​ចំនួន និងប្រភេទរបស់វាត្រូវ​បា​នកំណត់ និងចំពោះ model ខ្លះ​ ប្រសិន​បើ​ផ្នែក​ណាមួយខូច នោះនឹងត្រូវ​ផ្លាស់​ប្តូរទាំងអស់។ បែរមកមើល Modular I/O វិញ ខុសពី Fixed I/O ត្រង់ថា យើងអាចធ្វើការ​ផ្លាស់​ប្តូរ​តាម​ចិត្ត ដោយ Modular Controller មាន rack, power supply, processor module (CPU), I/O module, ហើយនិង interface សម្រាប់​អោយ​យើង​បញ្ចូល program និងពិនិត្យ។ នៅពេលដែលយើងដាក់ module ចូលទៅក្នុង rack វាក៏ធ្វើការភ្ជាប់​ power supply និងធ្វើការទំនាក់ទំនងទៅកាន់ CPU។
Modular Controllers PLC

ផ្នែក Power Supply

ចំពោះ PLC ធ្វើការផ្គត់ផ្គង់​ថាមពល ចរន្តជាប់ (DC) ចេញពី Power Supply ទៅកាន់ Module ដែល​បានដាក់​ចូលទៅក្នុង rack។ ក៏ប៉ុន្តែសម្រាប់ PLC ដែលធំៗ វាមិនធ្វើការផ្គត់ផ្គង់បែប​នេះទេ គឺ Module ទាំងនោះត្រូវ​បាន​ផ្គត់ផ្គង់​ដោយថាមពល ចរន្តជាប់ ឬ ចរន្តឆ្លាស់​ ពីខាងក្រៅមកវិញ។

ផ្នែក CPU

ជាធម្មតា នៅក្នុងកំព្យូទ័រ យើងហៅថា CPU ថាជាខួរក្បាល ដែល​ប្រតិបត្តិការ Logic និងទំនាក់ទំនង​រាល់ Module ទាំងអស់។ CPU ទាមទារ​អោយ​មាន memory សម្រាប់​ធ្វើការ​រក្សាលទ្ធផល បន្ទាប់​ពីបំពេញ logical operation ហើយ។ CPU ធ្វើការ​គ្រប់គ្រង​រាល់​សកម្មភាព និងការ​រចនា ទៅលើ PLC ទាំងអស់ ហើយអ្នកប្រើប្រាស់​អាច​ធ្វើការ​បញ្ជូលកម្មវិធី ដោយប្រើប្រាស់ Relay Ladder Logic។ PLC ដំណើរការ​ជាលក្ខណៈ វិលជុំ នោះគឺដំបូង PLC ធ្វើការ​ស្គេនជាមួយ​នឹង CPU ដោយ​ទទួលពីផ្នែក input បន្ទាប់មកដំណើរការកម្មវិធី ពេលដំណើរការចប់ CPU ចាប់​ធ្វើការវិភាគ និងផ្តល់​លទ្ធផល​ទៅផ្នែក output។ វាធ្វើការ​​ដដែរៗ ជាបន្តបន្ទាប់​នៅពេល PLC ដំណើរការ។